លោត​ចេញ​ផុត​ហើយ តែ​នឹក​ស្តាយ​បារី​អោន​រើស​ក៏​ស្លាប់​យ៉ាង​គួរ​ឱ្យ​សង្វេគ (មានវីដេអូ)

ខេត្តក្រចេះ​៖ បុរស​ជា​កម្មករ​ជីកដី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​រណ្តៅ​ដី​ប្រឡាយ​ជម្រៅ​ជិត​១​ម៉ែត្រ ដោយសារ​តែ​ត្រូវ​ដី​បាក់​សង្កត់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ក្រុង​ក្រចេះ ។

បុរស​រង​គ្រោះជា​កម្មករ​រូប​នេះ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង បាន​ស្លាប់​បាត់បង់​ជីវិត​​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​ស្មាន​មិន​ដល់ គឺ​បាក់​ដី​ប្រឡាយ​សង្កត់​លើ​នៅ​ក្នុង​ខ្សែ​ប្រឡាយ​​ដែល​មាន​ទទឹង​ប៉ុន​ខ្លួន​មនុស្ស​ជម្រៅ​១​ម៉ែត្រ ពេល​ដែល​កំពុង​តែ​ជីក​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​ក្នុង​ទីប្រជុំជន​ខេត្តក្រចេះ​។

បុរស​ជា​កម្មករ​ជីកដី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​រណ្តៅ​ដី​ប្រឡាយ​ជម្រៅ​ជិត​១​ម៉ែត្រ

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​កម្មករ​ដូច​គ្នា​ថា នៅ​ពេល​កំពុង​តែ​ជីក គេ​បានឃើញ​ដី​ចំណី​ប្រឡាយ​​ជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​មាន​ការ​​រញ្ជួយ​រកកល​និង​បាក់​។ ភ្លាម​ៗនោះ​​ក្រុម​កម្មករ​ដែល​ឃើញ​ស្ថានភាព​ដី​ប្រឡាយ​បំរុង​បាក់​នោះ​ ក៏​នាំ​គ្នា​លោត​ចេញពី​ប្រឡាយ​ឡើង​មក​លើ​។ ដោយឡែក​សម្រាប់​បុរស​រង​គ្រោះ​ដែល​លោត​ឡើង​មក​លើគោក​ជាមួយនឹង​គេ​បាន​គេច​ផុត​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​នឹក​ស្តាយ​បារី​ដែល​ជ្រុះ ក៏​អោន​រើស​បារី​ក្នុង​បាត​ប្រឡាយ ស្រាប់តែ​ត្រូវ​ដី​បាក់​សង្កត់​លើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​បាត​ប្រឡាយ​ជម្រៅ​១​ម៉ែត្រ​នោះ​តែ​ម្តង​។ ហើយទោះជា​មានការ​ជួយ​ជីក​កាយ ដើម្បី​ទាញ​ជន​រង​គ្រោះ​ដែល​កប់​ក្រោម​ដី​ក្នុង​ប្រឡាយ​ចេញ​មក​វិញ​ភ្លាម​ៗ​យ៉ាងណា​ក្តី ក៏​មិន​អាច​ជួ​យស​ង្ក្រោះ​ទាន់​ពេល​នោះ​ទេ​។

បុរស​រង​គ្រោះ​ដែល​លោត​ឡើង​មក​លើគោក​ជាមួយនឹង​គេ​បាន​គេច​ផុត​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​នឹក​ស្តាយ​បារី​ដែល​ជ្រុះ ក៏​អោន​រើស​បារី​ក្នុង​បាត​ប្រឡាយ ស្រាប់តែ​ត្រូវ​ដី​បាក់​សង្កត់​លើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​

នគរបាល​ព្រហ្មទណ្ឌ​បាន​កំណត់​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​បាក់​​ដី​សង្កត់​លើ ដែល​ដី​ប្រឡាយ​នេះ គឺ​តម្រូវ​ឲ្យ​ជីក​ជម្រៅ​ត្រឹម​ជិត​១​ម៉ែត្រ ទំហំ​ជិត​កន្លះ​មែ​ត្រ តែ​កម្មករ​បាន​ជីក​លុង កាយ​យក​ខ្សែភ្លើង​បណ្តាញ​ចាស់​ៗ ដើម្បី​យក​មក​លក់​។ ចំណែក​​ជន​រង​គ្រោះ ជា​កម្មករ​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​ជីក​កប​ខ្សែ​ត​បណ្តាញ​អគ្គិសនី​ក្រោម​ដី និង​មាន​គំរោង​ជីក​កប​ខ្សែរ​ភ្លើង​ក្រោម​ដី​ពី​ទីរួមខេត្ត​ឆ្ពោះទៅ​ស្រុក​ឆ្លូង​៕

បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​បាក់​​ដី​សង្កត់​លើ ដែល​ដី​ប្រឡាយ​នេះ គឺ​តម្រូវ​ឲ្យ​ជីក​ជម្រៅ​ត្រឹម​ជិត​១​ម៉ែត្រ ទំហំ​ជិត​កន្លះ​មែ​ត្រ

ប្រភព : កោះសន្តិភាព