កូរ៉េខាងជេីង​ និងអាមេរិក​ សម្លឹងមើលការចរចា ក្រុងហាណូយ​ លើរបៀបវារៈកិច្ច ប្រជុំកំពូល

សេអ៊ូល៖​ ទីភ្នាក់ងារសារព័ត៌មាន ជប៉ុនមួយបាន រាយការណ៍ថា​ បេសកជនរបស់កូរ៉េខាងជើង​ សម្រាប់សហរដ្ឋអាមេរិក​ បានចាកចេញពីក្រុងព្យុងយ៉ាង​ នៅថ្ងៃអង្គារនេះ​ សម្រាប់កិច្ចចរចានៅទីក្រុងហាណូយ​ តាមរបៀបវារៈនៃជំនួប កំពូលនាពេលខាងមុខរវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូឱ្យដឹងថា​ លោក Kim Hyok-chol ជាអ្នកតំណាងពិសេសនៃកិច្ចការរដ្ឋ​ សម្រាប់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា​ នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីវៀតណាម​ តាមរយៈទីក្រុងប៉េកាំង​ ដើម្បីជួបជាមួយក្រុមមន្រ្តីអាមេរិក។

លោកនឹងជួបពិភាក្សា ជាមួយសមភាគីអាមេរិកលោក Stephen Biegun ដើម្បីបញ្ជាក់លម្អិតអំពីអ្វីដែលនឹងត្រូវពិភាក្សា នៅក្នុងជំនួបលើកទី២​ រវាងលោកប្រធានាធិបតី ដូណាល់​ ត្រាំ​ និងមេដឹកនាំលោក​ គីម​ ជុងអ៊ុន​ នៅទីក្រុងហាណូយពីថ្ងៃទី២៧​ ដល់​ ២៨​ ខែកុម្ភៈ៕