ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករជាង ១ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤។ ជំនួបសំណេះសំណាលលើកទី១០ នៅក្នុងខេត្តកណ្តាល នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា កម្មករ កម្មការិនី ដែលត្រូវបានអនុញ្ញាតជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១។

រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩, ផលិតស្បែកជើងចំនួន៣, បោកគក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន៣, ផលិតកេសកាតុងចំនួន២, ផលិតធុងទឹកចំនួន១, ផលិតអំបោះនិងកៅស៊ូចំនួន១, ផលិតកាបូបចំនួន១, ផលិតបារីចំនួន១, ផលិតខ្សែភ្លើងចំនួន១, ផលិតថ្នាំលោបចំនួន១, ផលិតប្រេងរំអិលចំនួន១, ផលិតកូនបាល់ចំនួន១, ផលិតគ្រឿងសង្ហារិមចំនួន១, ដំឡើងម៉ូតូចំនួន១, ផលិតសម្ភារពេទ្យចំនួន១, ដេរប៉ាក់លើសម្លៀកបំពាក់ចំនួន១, ផលិតផ្លាសស្ទិកចំនួន១, ផលិតឆត្រចំនួន១, ផលិតស្លាកសញ្ញាសម្លៀកបំពាក់ និងស្បែកជើងចំនួន១ និងផលិតគុយទាវចំនួន១។

បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៨២ មានកម្មករ និយោជិតចំនួន ១៥៥,៣៦០នាក់ ដែលមានប្រាក់ឈ្នួលសរុប ៥២៦លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧៤ មានកម្មករនិយោជិតចំនួន ១៣៧,៩១៥នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៤៦៧លានដុល្លារក្នុងមួយឆ្នាំ។

លោក អ៉ិត សំហេង ហៅសមិទ្ធផលរោងចក្រដែលកំពុងមានវត្តមាននៅក្នុងខេត្តកណ្តាលនេះ ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃដំបូងដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ជាជំនួបសំណេះសំណាលើកទី ៦៤ហើយ។ ជំនួប៦៤លើកនេះ មានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ កម្មការិនីចូលរួម ៩១៧,៧១២នាក់។

តាមរយៈជំនួបសំណេះសំណាលជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ជាច្រើនធានាដល់ស្ថេរភាពនៅក្នុងការងារកាត់ដេរ និងធ្វើឲ្យកម្រិតជីវភាពរបស់កម្មករ កម្មការិនីកាន់តែល្អប្រសើរ។ បច្ចុប្បន្នដើម្បីធានាបាននូវអត្ថប្រយោជន៍សម្រាប់កម្មករ កម្មការិនី ក៏ដូចជាធានាបាននូវស្ថេរភាពលើការងាកាត់ដេរនេះ ក្រសួងការងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការងារអាទិភាពចំនួន ១០ចំណុចរួមមាន៖

១៖ គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ចំនួន ១៨២ដុល្លារ។ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានសហគ្រាស គ្រឹះស្ថានចំនួន ៨១% បានបើកប្រាក់ឈ្នួល ២សប្តាហ៍ម្តងលើកដំបូងជូនកម្មករនិយោជិត។ ក្រសួងនឹងបន្តធ្វើអធិការកិច្ចការងារឱ្យគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ឲ្យបាន ១០០%។
២៖ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។
៣៖ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ ស្មើនឹង ២១៨ដុល្លារ នៃប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។
៤៖ បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន។
៥៖ និយោជកបានអនុវត្តកាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករ និយោជិត។
៦៖ រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
៧៖ បានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ នេះ។
៨៖ ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។
៩៖ បន្តសហការជាមួយក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក។
១០៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបូរី និង
ប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឲ្យពលករក្រៅប្រទេសទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលវិលត្រឡប់មកវិញ៕