អាមេរិក​ចង់លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដ៏រសើប ឲ្យទៅ​ប្រទេសអារ៉ាប៊ីសាអូឌីត? ពេល​នេះការ​ស៊ើបអង្កេត​ត្រូវបាន​ធ្វើ​ឡើង…

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មី​មួយរបស់សភា​អាមេរិកបានឱ្យដឹងថា គណៈកម្មាធិការ​មួយគ្រប់គ្រង​ដោយគណបក្សប្រជាធិបតេយ្យ​កំពុង បានបើកការស៊ើប​អង្កេតលើព័ត៌មាន​ ពាក់ព័ន្ធនឹងផែនការ​របស់សេតវិមាន​នៃលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់​បច្ចេកវិទ្យា​ថាមពលនុយក្លេអ៊ែរដ៏រសើប ឱ្យ​ទៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ការចេញ​ផ្សាយរបាយការណ៍​ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក បានជួបពិភាក្សា​ជាមួយក្រុមអ្នកអភិវឌ្ឍន៍​ថាមពល​នុយក្លេអ៊ែរ ជាច្រើននាក់នៅ​ឯសេតវិមាន កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លង ដើម្បីពិភាក្សាគ្នា​លើគម្រោងសាងសង់​រោងចក្រថាមពល​នុយក្លេអ៊ែរ​នៅតាមបណ្ដាប្រទេសមួយចំនួន​ ក្នុងតំបន់​មជ្ឈិមបូព៌ា ក្នុងនោះរួមមាន​ទាំងអារ៉ាប៊ីសាអូឌីត​ផ​ងដែរ។

លើសពីនេះ​ទៅទៀត កូនប្រសារ ប្រុសរបស់​លោកត្រាំ គឺលោក ហ្សារ៉េដ ឃូស្នឺ (Jared Kushner) ក៏ត្រូវបាន​គេរាយការណ៍​ដែរថា នឹងបំពេញដំណើរ​ទស្សនកិច្ចទៅកាន់​តំបន់​មជ្ឈិមបូព៌ា នៅក្នុងកុម្ភៈនេះ​ សំដៅពិភាក្សា​ពីផែនការសន្តិភាពសេដ្ឋកិច្ចនៃរដ្ឋបាល​លោក ត្រាំ។ ដោយឡែក​បើតាមរបាយការណ៍​ដដែល ក្រុមហ៊ុន​មានទំនាក់​ទំនង​ជាមួយលោក ត្រាំ គឺជាអ្នក​ជម្រុញឱ្យ​រដ្ឋបាលសហរដ្ឋអាមេរិក​ លក់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ​ទៅឱ្យ អារ៉ាប៊ីសាអូឌីត បើទោះជា មានការ​ព្រមានថា​ការធ្វើបែបនេះ អាចនឹងបង្កអស្ថេរភាព​បន្ថែមនៅក្នុងតំបន់​មជ្ឈិមបូព៌ា​ក៏ដោយ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតធ្លាប់បាន​បង្ហាញជាច្រើនលើក ​ពីបំណងសាងសង់រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ដើម្បីពីពិពិធកម្ម​វិស័យថាម​ពលរបស់ខ្លួន កុំឱ្យពឹងផ្អែកតែ​ទៅលើ​ប្រេងសុទ្ធសាធ។ ប៉ុន្តែទន្ទឹមគ្នា​មជ្ឈដ្ឋានខ្លះនៅតែមាន​ការព្រួយបារម្ភ ដោយ​ខ្លាចក្រែង​មហាសេដ្ឋី​ប្រេងអារ៉ាប់​អាចនឹងបម្លែងបច្ចេកវិទ្យា​ថាមពលនុយក្លេអ៊ែរ​ ទៅជាការអភិវឌ្ឍកម្មវិធី​អាវុធនុយក្លេអ៊ែរ​នៅ​ថ្ងៃអនាគត ដូចអ្វី​ដែល​សហរដ្ឋអាមេរិក​បានចោទ និងដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់​នោះដែរ៕