មន្ទីរពេទ្យខ្នាតយក្សតំលៃប្រមាណ៥០លានដុល្លារ នឹងផុសលេចរូបរាងឡើងនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ក្នុងឳកាសអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅវត្តឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថ្លែងប្រាប់ទៅកាន់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយថា ការជួបជុំគ្នាក្នុងថ្ងៃនេះ ប្រកបដោយទឹកមុខសប្បាយរីក រាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើងមិនមានសុខសន្តិភាពទេ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះហើយ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ ក្រោមការដឹកនាំដឹកនាំដ៍ឈ្លាសវៃ និងបុិនប្រសព្វពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបណ្ឌិត ថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងខេត្តត្បូងឃ្មុំ បានលេចរូបរាងឡើង ជាមួយនឹងសំណង់ដ៍ស្កឹមស្កៃក្នុងនោះមាន អគារសាលាខេត្ត អគារមន្ទីរជុំវិញខេត្ត អគារស្នាក់នៅរបស់មន្រ្តីរាជការ ប្រព័ន្ធលូនិងផ្លូវធំៗខ្វាត់ខ្វែង វត្តរាប់ពាន់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តឲ្យដឹងថា ដោយឡែក មន្ទីរពេទ្យខេត្តត្បូងឃ្មុំ ដ៍ធំស្កឹមស្កៃដែលស្របតាមស្តង់ដារ មានតម្លៃប្រមាណជាង៥០លានដុល្លារ និងលេចរូបរាងឡើងនាពេលខ្លីខាងមុខនេះ ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ដោយការបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍នេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យនៅគង់វង្យយូរអង្វែងតទៅទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសិលា កសាងសាលាឆាន់ និងដងទង់ ព្រមទាំងប្រគេនបច្ច័យកសាង ជូនព្រះសង្ឃគង់ចាំវស្សា ចែកទានដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមជាថវិកាមួយចំនួន ព្រមទាំងចែកទានជាថវិកា និងគ្រឿងបរិភោគជូនដល់ជនក្រីក្រចាស់ជរាគ្មានទីពឹងនៅទីនេះ ចំនួន០៧នាក់ផងដែរ ៕