ក្រុមចោរប្លន់ ប្រចាំខេត្តតាកែវ និងកំពង់ស្ពឺ ត្រូវប៉ូលិសបង្ក្រាបបានហើយ

តាកែវ៖ ជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើលួចឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ចំនួន៧នាក់ ត្រូវប៉ូលិសស្រុកបាទី សហការណ៍ជាមួយប៉ូលិសស្រុកឱរ៉ាល់បង្រាបបានជាបន្តបន្ទាប់។ហេតុការណ៍ចាប់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើចោរកម្មមួយសម្បុកនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​

នគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងថា ដំបូងឡើងកម្លាំងលោក បានសហការជាមួយប៉ូលិសស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួជនសង្ស័យម្នាក់ ដែលមានឈ្មោះ ទីប វិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក់ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមដីការបស់តុលាការសាលាដំបូងខេត្តតាកែវលេខ ១៥៧/២០១៨ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយជាប់ពាក់ព័ន្ធករណីលួច ប្រព្រឹត្តនៅផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យខាងលើ និងសួរចម្លើយរួច ទើបដឹងតម្រុយរហូតឈានដល់ការចាប់ខ្លួបបក្ខពួកបាន៦នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងអំពើលួចកន្លងមក។ ជនសង្ស័យទាំង៦នាក់នោះ ទី១-ឈ្មោះ ទ្រេស រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី។ ទី២. ឈ្មោះ សៅ រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី។ ទី៣. ឈ្មោះ ពៀច ពុតទី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។ ទី៤. ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុក អាយុ២០ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។ ទី៥. ឈ្មោះ សួង សុបឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំរោង ឃុំសូភី ស្រុកបាទី។ ទី៦. ឈ្មោះ កាន់ នីប ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី។បច្ចុប្បន្ន ជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើចោរកម្មទាំង៧នាក់ខាងលើ ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកបាទី កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕