ADB៖ វិស័យកសិកម្មនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ និងមានសក្តានុពលខ្ពស់ សម្រាប់អភិវឌ្ឍប្រទេស

ភ្នំពេញ៖ លោក Shivaji Kshatrapati ប្រធានគណៈប្រតិភូ ក្រុមប្រឹក្សានាយក ប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា វិស័យកសិកម្ម នៅកម្ពុជាគឺជាវិស័យ ដ៏មានសារៈសំខាន់ និងមានសក្តានុពលបំផុត នៅក្នុងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាស អញ្ជើញជួបជាមួយ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Shivaji Kshatrapati បានឲ្យដឹងថា “វិស័យកសិកម្មនៅកម្ពុជា គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពល ដែលទាមទារឱ្យមាននិរន្តរភាព នៃការអភិវឌ្ឍន៍ និងការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍” ។

ក្នុងឱកាសនោះផងដែរ ដើម្បីសិក្សា ស្វែងយល់បន្ថែម លោកShivaji Kshatrapati ក៏បាន សុំអនុសាសន៍ពីលោក រដ្ឋមន្ត្រីអំពីចំណុចខ្លាំង និងចំណុចខ្សោយ នៃការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍអាស៊ីកន្លងមក និងតម្រូវការកែសម្រួល និងការគាំទ្របន្ថែម ធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងភាគីទាំងពីរ ប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន ថែមមួយកម្រិតទៀត ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ ក៏ដូចជាការ ណែនាំដល់គណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យលទ្ធភាពគាំទ្រ ដល់ការអភិវឌ្ឍន៍ខ្សែច្រវាក់ តម្លៃទាំងមូល នៃដំណាំដែលមានសក្តានុពល ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់ លើការគាំទ្រដល់វិស័យនេះ ដូចជាការកសាង ប្រព័ន្ធស្រោចស្រព ឃ្លាំងស្តុក ឡសម្ងួត ការកែឆ្នៃ វេចខ្ចប់ ឃ្លាំងត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សារកសិកម្ម ធ្វើយ៉ាងណាឱ្យចំគោលដៅ និងមានភាពទូលំទូលាយដើម្បីបង្កើនប្រាក់ចំណូល ដល់ប្រជាកសិករ ស្របតាមទស្សនៈវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល។ ត្រូវរួមគ្នាជំរុញការលើកកម្ពស់ ស្តង់ដារអនាម័យ និងភូតគាមអនាម័យឱ្យស្រប តាមតម្រូវការពីការបញ្ជារទិញ ពីទីផ្សារ។ បន្តសកម្មភាពកសាងធនធានមនុស្ស ក្នុងវិស័យកសិកម្មដោយ ស្របតាមគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយមាន ការប្រកួតប្រជែងខ្ពស់។

ក្រោយទទួលបានការណែនាំ លោក Kshatrapati បានឯកភាពលើការលើកឡើង របស់លោក រដ្ឋមន្ត្រី ហើយលោកក៏បានសន្យានឹង យកអនុសាសន៍ ទាំងអស់ទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ ៕