ដំណាំអំពៅធ្វើឲ្យជីវភាពគ្រួសារអ្នកភូមិវាលចារ មានជីវភាពកាន់តែប្រសើរឡើង

ខេត្តត្បូងឃ្មុំ៖ ក្រៅពីមុខរបរធ្វើស្រែ អ្នកភូមិវាលចារចំនួនជិត៥០គ្រួសារ បានជ្រើសរើសដាំដំណាំអំពៅខាន់ស្ករ សម្រាប់ជួយបង្កើនចំណូលទ្រទ្រង់លើកកម្ពស់ជីវភាពគ្រួសារពួកគាត់ឲ្យបានប្រសើរឡើង ដោយពួកគាត់កំពុងមមាញឹកប្រមូលផលអំពៅខាន់ស្ករ យ៉ាងសប្បាយរីករាយ ខណៈឆ្នាំនេះអំពៅឱ្យផល ល្អជាងឆ្នាំទៅ ស្របពេលដែលទីផ្សារក៏ល្អដែរ ពោលគឺមានម៉ូយចូលទិញដល់ចំការតែម្តង ។

លោក អែម សារ៉ាន អាយុ៣៩ឆ្នាំ ជាកសិកររស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បន្ទាប់ពីការងារធ្វើស្រែ គ្រួសារលោកបានជ្រើសរើសដាំដំណាំអំពៅរួមផ្សំដើម្បីជួយទប់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង ។

រយៈពេលជិត១០ឆ្នាំមកហើយដែលដំណាំនេះញាំងឲ្យជីវភាពគ្រួសារគាត់លែងខ្វះមុខខ្វះទៀតហើយ ពោលគឺ ទាំងការចាយវាយប្រចាំថ្ងៃ អាចជួយឲ្យកូនចៅរៀនសូត្រស្រួលជាងមុន និងមានលទ្ធភាពទិញសំភារៈសម្រាប់ប្រើប្រាស់ផ្សេងៗ និងមធ្យោបាយមានដូចជា កង់ ម៉ូតូ និងគោយន្តកន្ត្រៃ ជាដើម ។ល។

លោក សារ៉ាន់ បានបញ្ជាក់ពីរបៀបក្នុងការដាំអំពៅថា នៅដើមឆ្នាំក្នុងខែមិនា យើងចាំដាំអំពៅប្រភេទ ខាន់ស្ករ ដែលយើងបានផ្សាំកូនមានដុះស្រាប់ចូលក្នុងរណ្តៅ ដែលក្នុងមួយរណ្តៅត្រូវដាក់ពីរកំណាត់ថ្នាំង ហើយយើងប្រើជីលាមកគោ ក្របី អាចម៍មាន់ និងជីធ្យូងអង្កាម លាយជាមួយគ្នា ពេលវាធំបាន៣ថ្នាំង យើងចាប់បាចជីស រួចពូនគល់ សកធាង ដកពន្លកកូនដែលទើបដុសក្រោយចេញទុកក្នុង១គុម្ពចំនួនពី ៤ទៅ៦ដើម ក្នុងមួយសប្តាហ៍ត្រូវស្រោចទឹកចំនួន២ដង នៅពេលវាធំមានកំពស់បានជាងមួយម៉ែត្រយើងចាប់ចងជ្រែងការពារខ្យល់បាក់ ។ របៀបចងគឺគេ ចាប់ដើមដែលនៅជិតគ្នាឆ្វេងស្តាំចងជ្រែងទប់គ្នាការពាខ្យល់ យើងដាំជារងជួរ បើយើងគិតគុម្ពក្នុង១ម៉ែត្រការ៉េមានចំនួន៣គុម្ព ក្នុង១គុម្ពមានចំនួនពី ៤ទៅ៦ដើម ។

លោក សារ៉ាន់ បានបញ្ជាក់ទៀតថា ផ្ទៃដីគាត់ដាំមានទំហំ១ហិចតាអាចដាំបាន៣ម៉ឺនគុម្ពចំពោះទិន្នផលអំពៅឆ្នាំនេះ ល្អជាងឆ្នាំទៅ ដោយសារអាកាសធាតុផ្តល់អំណោយផលល្អ ក្តៅល្មម និងមានភ្លៀងធ្លាក់ល្អ ។ រីឯតម្លៃទីផ្សារ មានតម្លៃដូចឆ្នាំទៅដែរ ជាមធ្យមអំពៅ១បាច់មានតម្លៃចាប់ពី ៧០០០រៀល ទៅ១០០០រៀល ទីផ្សារក្នុងខេត្តក៏មាន ក្រៅខេត្តក៏មាន។ គិតទៅសរុបថវិកាសល់ពីដំណាំនេះមិនក្រោម៦ពាន់ដុល្លារនោះទេ ក្នុង១ឆ្នាំ ។ ការដាំដំណាំអំពៅនេះ គឺគាត់មិនបានទៅរៀនសូត្រពីអ្នកណាទេ គឺបទពិសោធន៍ចេញពីការអនុវត្តន៍ទាំងអស់ កត្តាសំខាន់គឺការព្យាយាម តែម្តង ។

លោក ជា ប៊ី ជាមេភូមិវាលចារបានបញ្ជាក់ឱ្យដឹងថា ប្រជាកសិករក្នុងភូមិមានចំនួន ១៦៥គ្រួសារ កសិករនិយមដាំដំណាំកសិកម្មរួមមាន៖ ដំឡូង ពោត កៅស៊ូ និងអំពៅខាន់ស្ករ នេះតែម្តង ។ ហើយកសិករដែលដាំអំពៅខាន់ស្ករនេះ មានចំនួនជិត៥០គ្រួសារដែរ នៅលើទំហំផ្ទៃដីជិត១០០ហិចតាឯណោះ ។

លោកមេភូមិបានបញ្ជាក់ទៀតថា នៅរយៈ២ឆ្នាំចុងក្រោយនេះ ឃើញថា ពួកគាត់ទទួលបានភាពជោគជ័យច្រើន ដោយផ្អែកលើមានការដាំកើនឡើង មានប្រាក់ចំណូលប្រសើរជាងមុន ទាំងការចាយវាយ ទិញសំភារៈផ្សេងៗ មានការរៀបចំផ្ទះសម្បែងបានស្អាតសមរម្យ ចំណុចពិសេសទៀត យើងឃើញថា ជារៀងរាល់ឆ្នាំឱ្យតែដល់ខែដើមឆ្នាំ គឺខែ២និងខែ៣នេះ ពួកគាត់តែមកពឹងពាក់ភូមិឱ្យរៀបចំឯកសារដើម្បីខ្ចីលុយពីធនាគារឥនទានផ្សេងៗ តែបច្ចុប្បន្នគឺថយច្រើនណាស់ មានដែរតែតិចបំផុត ៕