ក្រុមកីឡាបាល់បោះវ័យក្មេងកម្ពុជាចេញទៅឡាវ

ភ្នំពេញ៖ ក្រុមកីឡាករបាល់បោះវ័យក្មេងរបស់ប្រទេសកម្ពុជាបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានតុឡាវហើយដើម្បីប្រកួតជាមិត្តភាពនៅទីនោះ ។

ជាមួយនឹងការចេញទៅនេះកាលពីថ្ងៃទី១៩កុម្ភៈលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានិងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមកីឡាករវ័យក្មេងទាំងនោះដើម្បីជាការលើកទឹកចិត្ត និងឲ្យពួកគេលេងឲ្យអស់ពីសមត្ថភាព ។ លទ្ធផលនៃការប្រកួតទោះបីចាញ់ឬឈ្នះវាជារឿងមួយតែកីលាករត្រូវលេងដោយបង្ហាញពីភាពរីកចម្រើន ។

នេះជាការប្រកួតជាមិត្តភាពមែនតែជាការប្រកួតជាមួយបណ្ដាប្រទេសនៃមហាអនុតំបន់មេគង្គគឺប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ។ក្រុមបាល់បោះដែលចូលរួមសុទ្ធតែមានអាយុក្រោម១៨ឆ្នាំទាំងអស់ ។ ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី២០ដល់២៤កុម្ភៈដោយឡាវធ្វើជាម្ចាស់ផ្ទះ ។

លោកអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានចាត់ទុកថានេះជាការប្រកួតជាលក្ខណៈអន្តរជាតិដ៏សំខាន់មួយដើម្បីវាស់ស្ទង់ពីសមត្ថភាពកីឡាករបាល់បោះវ័យក្មេងកម្ពុជាជាមួយក្រុមបាល់បោះវ័យក្មេងនៃបណ្ដាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ។ លោកបានចាត់ទុកដែរថាឱកាសប្រកួតបែបនេះមិនសូវមានទេហេតុនេះការចូលរួមប្រកួតនេះគឺជាការប្រកួតលក្ខណៈអន្តរជាតិដ៏ធំមួយ ។