លោក​ គីម​ ជុងអ៊ុន​ គ្រោងនឹងធ្វើដំណើរទស្សនកិច្ច នៅចិន​ ក្រោយជំនួបកំពូល លើកទី២​ ជាមួយលោក​ ត្រាំ

សេអ៊ូល៖​ ប្រភពមួយបានឲ្យដឹងនៅ ថ្ងៃពុធនេះថា​ មេដឹកនាំកូរ៉េខាងជើង លោកគីម​ ជុងអ៊ុន​ អាចធ្វើទស្សនកិច្ច នៅប្រទេសចិន​ នៅខែក្រោយបន្ទាប់ ពីកិច្ចប្រជុំកំពូលលើកទី២​ របស់លោកជាមួយ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៩។

មួយសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូង ជាមួយនឹងលោក ត្រាំ​ កាលពីខែមិថុនា​ ឆ្នាំមុនលោកគីម​ បានទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង ដើម្បីនិយាយជាមួយលោកស៊ី​ ជីនពីង​ ប្រធានាធិបតីចិន​ ស្តីពីលទ្ធផលនៃការចរចាជាមួយ នឹងលោក ត្រាំ នៅប្រទេសសិង្ហបុរី។ លោកគី​ម​ ក៏បានធ្វើទស្សនកិច្ចនៅប្រទេសចិន​ កាលពីខែឧសភា​ ផងដែរមុនកិច្ចប្រជុំកំពូលលើកដំបូងនោះ។

ប្រភពដដែលនេះបានឲ្យដឹងថា​ គំរូដូចគ្នាអាចធ្វើម្តងទៀត នៅពេលនេះ។ ប្រភពនោះបានបន្ដថា​ លោកគីម​ បានធ្វើទស្សនកិច្ចនៅក្រុង ប៉េកាំងកាលពីខែមុន​ ហើយអាចធ្វើដំណើរទៅសម្ព័ន្ធមិត្តជិតខាងម្តងទៀត​ បន្ទាប់ពីកិច្ចប្រជុំលើកទីពីររបស់លោកជាមួយលោក ត្រាំ នៅទីក្រុងហាណូយ​ ពីថ្ងៃទី ២៧​ ដល់ ២៨​ ខែកុម្ភៈ​ ខាងមុខនេះ៕