Ryan Giggs វីរបុរស​ Man Utd ក្លាយ​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​វែល​

Ryan Giggs បាន​ក្លាយ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​វែល​ជា​ផ្លូវ​ការ​ក្រោយ​យល់​ព្រម​ចុះ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។​

Giggs

វីរបុរស​ក្រុម​បិសាច​ក្រហម​ Manchester United ត្រូវ​ទៅ​អង្គុយ​កៅអី​លោក Chris Coleman ដែល​សុំ​លា​ឈប់​ហើយ​ទៅ​ដឹកនាំ​ Sunderland កាល​ពី​ខែ​វិច្ឆិកា។ Giggs នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ចូល​កាន់​តំណែង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។

មាន​បេក្ខភាព​ជា​ច្រើន​រូប​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ជម្រើស​​ដូច​ជា Craig Bellamy, Osian Roberts និង​ Mark Bowen តែ​យ៉ាង​ណា​ចុង​ក្រោយ​នៅ​តែ​ជា​ Giggs ដែល​​បាន​កាន់​តំណែង​ដ៏​ធំ​ក្នុង​ក្រុម​ជម្រើស​ជាតិ។ អតីត​ខ្សែ​បម្រើ​ជំនាញ​ជើង​ឆ្វេង​លេង​ឲ្យ​វែល​បាន​៦៤​ប្រកួត​​ពី​ឆ្នាំ​ ១៩៩១ ដល់​២០០៧​។

លោក​គឺ​ជា​កីឡាករ​លេង​នៅ​ Premier League បាន​​ច្រើន​ជាង​គេ​ទី​ពីរ​ក្រោយ​បង្ហាញ​ខ្លួន​ចំនួន​៦៣២​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​១១៤​គ្រាប់​ឲ្យ​ Manchester United។ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ​បុរស​វ័យ​៤៤​ឆ្នាំ​ធ្លាប់​ដឹកនាំ​នាំ​ United មួយ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០១៤៕