អ.ស.ប បោះបង់ចោលបម្រាមលើការធ្វើដំណើររបស់ ពលរដ្ឋកូរ៉េខាងជើងសម្រាប់កិច្ចប្រជុំកំពូល

អន្តរជាតិ៖ តាមរបាយការណ៍ព័ត៌មានមួយបានឱ្យដឹងកាលពីថ្ងៃពុធថា​ អ.ស.ប បានផ្តល់នូវការ​លើក​លែងការ​ដាក់ទណ្ឌកម្មមួយ ក្នុងការអនុញាត្តឱ្យពលរដ្ឋកូរ៉េខាងជើង ធ្វើដំណើរទៅ​កាន់​ប្រទេសវៀតណាម​សម្រាប់កិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយ​នេះរវាងអាម៉េរិក និងមេដឹកនាំ​កូរ៉េខាងជើង។

សារព័ត៌មាន Reuters បាននិយាយដោយយោងតាមឯកសារផ្ទៃក្នុងមួយដែលបាន​ចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារថា ពលរដ្ឋកូរ៉េខាងជើងចំនួន១២រូប បានស្ថិតនៅក្រោមបម្រាម​ការធ្វើដំណើរនៅលើពិភពលោកមួយ ព្រមទាំងការបង្កកទ្រព្យសម្បត្តិ​ធ្វើជាផ្នែកមួយនៃ​ការ​ដាក់​ទណ្ឌកម្ម​របស់ អ.ស.ប ដែលធ្វើឡើងចំពោះរបបនេះ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន​នោះ។

របាយការណ៍បានបន្ថែមទៀតថា វាគឺមិនទាន់ច្បាស់ជានៅទីណាសម្រាប់ពួកគេនោះទេ ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាក់ស្តែង សម្រាប់កិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន ដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែកុម្ភៈនេះ។

ប្រទេសវៀតណាម បានដាក់សំណើរសុំលើកលែងទោសជាមួយគណៈកម្មាធិការ ​អ.ស.ប ចំពោះការដាក់ទណ្ឌកម្មកូរ៉េខាងជើងនេះ។ លោក គីម និងលោក ត្រាំ កំពុងស្វែងរកដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀង​មួយ ដែលបានអនុម័តកាលកិច្ចប្រជុំកំពូលលើកទី១ កាលពីខែមិថុនាកន្លងទៅ នៅប្រទេសសិង្ហបុរី ក្នុងការបន្តបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ជាការប្តូរទៅនឹងការធានាផ្នែកសន្តិសុខពីអាម៉េរិក៕