មេសហជីព សោម អូន៖ «យើងកុំនាំគ្នាព្រួយបារម្មណ៍ខ្លាំងពេកអំពី EBA និងសូមស្វាគមន៍ចំពោះការបង្កើតក្រុមមេធាវីការពារក្តីប្រជាពលរដ្ឋក្រីក្រ របស់សម្តេចតេជោ ហ៊ុន សែន»

(ភ្នំពេញ)៖ នៅទីស្នាក់កណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំមួយ ដែលមានការចូលរួមពីសជិកសមាជិកគណៈកម្មាធិការប្រតិបត្តិ និង ក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាទៅលើស្ថានភាពទូទៅ នៃសភាពការនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានដឹកនាំកិច្ចពិភាក្សានោះ បានលើកឡើងថា ការដំណើរនីតិវិធីរបស់សហភាពអ៉ឺរ៉ុបក្នុងការដក ឬ ព្យួរ EBA ជានីតិវិធីនៅវែងឆ្ងាយ ពីព្រោះនីតិវិធីនេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០២០ មានន័យនៅសល់រយ:ពេល១៨ខែទៀត ដូចនេះយើងកុំនាំគ្នាបារម្មណ៍ពីរឿងនេះពេក ហើយទុកឲ្យក្រសួង ជំនាញរបស់រាជរដ្ឋាភិបាល បន្តធ្វើកិច្វនេះជាមួយសហភាពអ៉ឺរ៉ុប ស្របតាមបច្ចេកទេសច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

លោក សោម អូន បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបានខិតខំបន្តកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត ដើម្បីពង្រឹងនូវលំនឹងនៃសេដ្ឋកិច្ចជាតិ និងឯករាជ្យភាព ដើម្បីទប់ទល់នូវហានិភ័យ ណាមួយដែលអាចកើតឡើងពីឥទ្ឋិពលខាងក្រៅ។

លោក សោម អូន ក៏បានបង្ហាញនូវជំហររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាថា «ក្នុងនាមយើងជាសហជីព គឺត្រូវត្រៀមខ្លួនជាស្រេចដើម្បី ចូលរូមជាមួយរាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់ ដើម្បីការថែរក្សា និងការពារសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំ និងធានាបាននូវស្ថេរភាពការងារ និងសន្តិសុខការងារសម្រាប់កម្មករនិយោជិត ទោះបីទៅអនាគតកម្ពុជាមិនមាន EBA ក៏ដោយ»។

លោក សោម អូន បានបង្ហាញនូវជំហរស្វាគមន៍ និងគាំទ្រចំពោះគំរោងរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងបង្កើតក្រុមមេធាវីដើម្បីជួយដល់ប្រជាជនក្រីក្រ ក៏ដូចជាកម្មករនិយោជិត។ លោកយល់ថា នេះគឺជាយន្តការថ្មីមួយទៀត ក្នុងគោលដៅធ្វើកំណែទម្រង់នៅក្នុងប្រព័ន្ធយុត្តិធម៌សង្គម ជួយដល់ប្រជាជនក្រីក្រ ដែលខ្វះធនធាន និងខ្វះចំណេះដឹងផ្លូវច្បាប់។

លោកបានបន្ថែមថា ប្រជាពលរដ្ឋ និងកម្មករពិតជាមានមោទនភាពនៅពេលទទួលបានសេវាការពារដោយក្រុមមេធាវីរបស់សម្តេចតេជោ ហើយពួកគាត់សង្ឃឹមថា នឹងមានប្រៀបជាមួយអ្នកមាន អំណាច អសីលធម៍មួយចំនួនដែលតែងតែរំលោភអ្នកទន់ខ្សោយ។

ជាចុងក្រោយលោក សោម អូន បានអំពាវនាវដល់សមាជិកអង្គប្រជុំ ក៏ដូចជាសមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជាទាំងអស់ ជួយផ្សព្វផ្សាយអោយបានទូលំទូលាយដល់កម្មករនិយោជិត ទាំងអស់ឲ្យយល់អំពីខ្លឹមសារ នៃកិច្ចប្រជុំនេះ និងខិតខំបំពេញការងារ ដើម្បីជីវភាពប្រចាំថ្ងៃ៕