វៀតណាម៖ អ្នកកាសែត​អន្តរជាតិ ២,៦០០នាក់ចុះឈ្មោះ​ចូលយកព័ត៌មាន​នៃ​ជំនួប​កំពូល ត្រាំ-គីម នៅទីក្រុង​ហាណូយ​

(ហាណូយ)៖ អ្នកកាសែត​អន្តរជាតិប្រមាណ ២,៦០០នាក់ បានចុះឈ្មោះ​ដើម្បីត្រៀមយក​ព័ត៌មាន នៃ​​កិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំ​អាមេរិក​ និង​កូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅ​នៅទីក្រុងហាណូយ​ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈនេះ។ នេះបើតាមការ​ឲ្យដឹងពី​អនុរដ្ឋ​មន្រ្តី​ការបរទេសវៀតណាម លោក ឡេ ហុយទ្រុង (Le Hoai Trung) ដកស្រង់សម្តីដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Trung បាន​និយាយថា ប្រទេស​វៀតណាម​មានពេលត្រឹម ២០ថ្ងៃប៉ុណ្ណោះ​ដើម្បីត្រៀម​លក្ខណៈ បន្ទាប់ពីប្រធានាធិបតី​​​​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជា​សាធារណៈថា រដ្ឋធានី​របស់​វៀតណាម គឺជាកន្លែង​សម្រាប់រៀបចំជំនួប​កំពូលលើកទីពីរ​​របស់​លោក ជាមួយនិង​​ប្រមុខ​ដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈ​ដែល​សិង្ហបុរី​មានពេលជិត ០២ខែពេញ ដើម្បីរៀបចំកិច្ចការ​ចាំបាច់ផ្សេងៗ សម្រាប់​កិច្ច​ប្រជុំ​កំពូលអាមេរិក-កូរ៉េខាងជើង​លើកទីពីរ កាលពីខែមិថុនា ឆ្នាំ២០១៨។

ថ្មីៗនេះដែរ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) បានបង្គាប់ឲ្យ​ក្រសួង​ក៏ដូចជាស្ថាប័ននានា ប្រឹងប្រែងបំពេញ​កិច្ចការងារ​ឲ្យអស់ពី​សមត្ថភាព ដើម្បីធានាឲ្យ​បាននូវសុវត្ថិភាព និងសន្តិសុខរឹងមាំ​បំផុត ដើម្បីឲ្យកិច្ចប្រជុំ​លក្ខណៈអន្តរជាតិ​នេះ ប្រព្រឹត្តទៅដោយ​ជោគ​ជ័យ។ លោក Phuc ក៏បានសង្កត់ធ្ងន់​ពីភាពចាំបាច់​នៃការបង្កើនលក្ខខណ្ឌ​ប្រសើរបំផុត សម្រាប់ក្រុម​អ្នកសារព័ត៌មាន ដែលត្រូវ​មក​​យក​ព័ត៌មានអំពីព្រឹត្តិការណ៍​ដ៏ធំនេះ​ផងដែរ៕