Real Madrid រកឃើញបេក្ខភាពគ្រូបង្វឹក សម្រាប់ត្រៀមជំនួស Zidane ហើយ!

បរទេស៖ ក្រោយពីដឹកនាំក្រុមទទួលលទ្ធផលមិនសូវល្អ គិតត្រឹមពាក់កណ្ដាលផ្លូវនៃរដូវកាលនេះ ក្រុមអធិរាជស Real Madrid កំពុងតែស្វែងរកគ្រូបង្វឹកថ្មី សម្រាប់ជំនួសតំណែងរបស់គ្រូបង្វឹកបច្ចុប្បន្ន លោក Zinedine Zidane ។

ក្នុងការប្រកួតពានរង្វាន់ Copa Del Rey កាលពី២ថៃ្ងមុន ក្រុម Real Madrid ពុំអាចយកឈ្នះក្រុមដែលមកពីលីកលំដាប់ទី២ Numancia បានទេ ដោយបានត្រឹមលទ្ធផល ២-២ ប៉ុន្ដែពួកគេនៅតែអាចឡើង ទៅវគ្គបន្ដនៃពានរង្វាន់មួយនេះដដែល ដោយសារលទ្ធផលកាលពីជើងទី១។ ចំណុចនេះបានបង្ហាញថា ក្រុម Real Madrid រដូវកាលនេះ ពុំសូវមានភាពមុតស្រួចដូចរដូវកាលមុនឡើយ។

បើនិយាយអំពីការប្រកួតក្នុង La Liga វិញ ក្រុមម្ចាស់ជើងឯកលីក ៣៣សម័យ កំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona រហូតដល់ទៅ ១៦ពិន្ទុ ដែលធើ្វឲ្យសម្ពាធក្នុងការការពារតំណែងជើងឯក កាន់តែតិចៗទៅ។

ក្រុម Real Madrid បានត្រឹមស្មើ ២-២ ទល់នឹងក្រុម Numancia

ដោយសារកត្ដាទាំងនេះ ទើបថ្នាក់ដឹកនាំរបស់ក្រុម Real Madrid កំពុងសែ្វងរកគ្រូបង្វឹកថ្មី ដែលនឹងអាចមកជំនួសតំណែង អ្នកចាត់ការសញ្ជាតិបារាំងបច្ចុប្បន្ន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Low អាចនឹងក្លាយជាបេក្ខភាពបន្ទាប់ សម្រាប់ឡើងមកដឹកនាំក្រុមម្ចាស់ជើងឯក Champions League ១២សម័យ។

សូមបញ្ជាក់ថា កាលពីអតីតកាល លោក Low ក៏ធ្លាប់ត្រូវបាន Real ទាក់ទងជាច្រើនដងដែរ ប៉ុន្ដែលោកតែងតែបដិសេធនូវសំណើរនេះ ដោយចង់បន្ដដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ រហូតដល់អាចនាំក្រុមមួយនេះ លើកពានរង្វាន់ World Cup កាលពីឆ្នាំ២០១៤ ៕

លោក Low ដឹកនាំអាល្លឺម៉ង់ លើកពាន World Cup ២០១៤​
លោក Low