ម៉ាឌូរ៉ូ មាន​ទំនុក​ចិត្ត​ថា ប្រជាជន​នៅ​ជុំវិញ​ពិភព​លោក នឹង​ការ​ពារ​​វ៉េណេស៊ុយ​អេឡា​ ​ប្រសិន​បើ​មាន​ការ​ឈ្លាន​ពាន​ពី​យោធា US​​

ក្រុង​ការ៉ា​កាស៖​ លោក​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​ នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​សម្តែង​ការ​ទុក​ចិត្ត​ថា​ ប្រជាជន​នៅ​ជុំវិញ​ពិភព​លោក​នឹង​ក្រោក​ឡើង​ការពារ​ប្រទេស​របស់​លោក ​ប្រសិន​បើ​មាន​ការ​ឈ្លាន​ពាន​ពី​យោធា​អាមេរិក។

នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ពេទ្យ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ ​បាន​មាន​ប្រសាសន៍​ថា៖ ​«ប្រសិន​បើ​វ៉េណេស៊ុយអេឡា ​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​អាមេរិក​នោះ​ប្រជាជន​នៅ​ក្នុង​ពិភព​លោក​ទាំង​អស់​នឹង​ក្រោក​ឡើង ​និង​ចាប់​ផ្តើម​រួម​គ្នា​ប្រយុទ្ធ​ជា​មួយ​អាមេរិក​»។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ធ្វីធើរ​របស់​លោក​នោះ ​លោក​ ម៉ាឌូរ៉ូ បាន​ចោទ​ប្រកាន់​អាមេរិក​ចំពោះ​ចំណាត់​ការ​ឯកតោ​ភាគី​ និង​បាន​ស្នើ​ថា ​ជម្លោះ​វ៉េណេស៊ុយអេឡា​អាមេរិក ​គឺ​ជា​ជម្លោះ​មួយ​រវាង​ការ​ឈ្លាន​ពាន​ និង​ការ​គាំទ្រ​ដំណើរ​ការ​តាម​បែប​ប្រជាធិបតេយ្យ​ពហុជាតិ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ ភាព​សុខ​ដុមរមនា​ និង​កិច្ច​ពិភាក្សា​ វាង​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក។

សុន្ទរកថា​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡានេះ​ ​បាន​កើត​ឡើង​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​នៅ​ក្រុង​ម៉ៃអាមី​កាល​ពី​ថ្ងៃ​ចន្ទ ​ជា​ទី​ដែល​លោក​ ត្រាំ ​បាន​ព្រមាន​ថា ​ជម្រើស​ ជា​ច្រើន​ត្រូវ​បើក​ចំហ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​វ៉េណេស៊ុយអេឡា​នេះ​។
កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ ​ភាព​តានតឹង​រវាង​វ៉េណេស៊ុយអេឡា ​និង​អ្នក​ជិត​ខាង​របស់​ខ្លួន​ បាន​កើន​ឡើង​ក្រោយ​ពី​យោធា​វ៉េណេស៊ុយអេឡា ​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​ប្រុង​ជើង​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ព្រំដែន​ ស្រប​ពេល​មាន​គម្រោង​របស់​គណបក្ស​ប្រឆាំង ​ដើម្បី​នាំ​ជំនួយ​លោក​ខាង​លិច​ចូល​មក​​​ក្នុង​​ប្រទេស​នេះ​ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​Vladimir Padrino Lopez ​បាន​ថ្លែង​ថា៖ ​«កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នៅ​តែ​ត្រូវ​ដាក់​ពង្រាយ​ និង​ប្រុង​ជើង​ការ​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំង​អស់ ។

នៅ​មុន​នេះ ​យោធា​វ៉េណេស៊ុយអេឡា ​បាន​ប្រកាស​បិទ​ព្រំដែន​ទឹក​របស់​ប្រទេស​នេះ​ជា​មួយ​​ហូឡង់ ស្រប​ពេល​ដែល​មាន​ផែនការ​របស់​ហូឡង់ បើក​មជ្ឈមណ្ឌល​ភ័ស្តុភារ​សម្រាប់​​ជំនួយ​មនុស្ស​ធម៌​នៅ កោះ​នេះ ​៕