យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២២ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៦៧១គ្រឿង និងផាកពិន័យ៤៦៤គ្រឿង

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៦៥គ្រឿង រកឃើញល្មើសច្បាប់៦៧១គ្រឿង (ម៉ូតូ៨០%) អប់រំ២០៧គ្រឿង និងផាកពិន័យ៤៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២២ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន១,៩៧៥គ្រឿង, អប់រំ១៣២គ្រឿង និងផាកពិន័យ៤០០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៥,៥៧៧គ្រឿង រកឃើញយានយន្តល្មើស១៨,៥៧៦គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៦,៩០៥គ្រឿង និងផាកពិន័យ១១,៦៧១គ្រឿង៕