អភិបាលខេត្តកំពង់ស្ពឺ ស្នើរអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដានតំបន់ដែលអាចប្រឈមការខ្វះទឹកប្រើប្រាស់ និងត្រៀមជួយអន្តរាគមន៍ជាបន្ទាន់

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ក្រោយពីមានការចេញសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្តីអំពី ការខ្វះខាតទឹកនារដូវប្រាំងឆ្នាំនេះរួចមក រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់វិធានការដល់អភិបាលក្រុង អភិបាលស្រុក មេឃុំ មេភូមិ តាមដានជាប្រចាំលើតំបន់ ដែលអាចប្រឈមការខ្វះខាតទឹក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយម បន្តយកចិត្តទុកដាក់ចុះពិនិត្យតំបន់ដែលមានទឹកស្រាប់ ដើម្បីថែរក្សាទឹកទុកប្រើប្រាស់ និងជូនប្រជាពលរដ្ឋ ធ្វើស្រែផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «អាជ្ញាធរទាំងអស់ផ្សព្វផ្សាយ ឲ្យពលរដ្ឋជាកសិករ បានយល់អំពីស្ថានភាពជាក់ស្តែង ក្នុងឆ្នាំនេះចាប់ពីខែកក្កដា ដល់ខែកញ្ញា កើតមានកូនរដូវប្រាំង ដែលកសិករមិនអាចបង្កបង្កើនផលបាន២លើក ដូចសព្វមួយម្តងបានទេ ពោលគឺឆ្នាំនេះ តាមចំណុចដែលខ្វះខាតទឹក កសិករធ្វើស្រែបានតែមួយលើកទេ»។

អភិបាលបានបន្តទៀតថា មកដល់ពេលនេះនៅទូទាំងខេត្តកំពង់ស្ពឺ ពុំទាន់មានបញ្ហាប្រឈមការខ្វះខាតទឹកនោះទេ ហើយបានកំណត់តំបន់ត្រៀមទឹកច្រើន ទុកសម្រាប់ជួយសង្គ្រោះ ដល់តំបន់ដែលមានបញ្ហាប្រឈម ដែលមានមន្ទីរធនធានទឹកម្ចាស់ការដើម្បីធានា។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក បានឲ្យដឹងផងដែរថា ចំពោះបញ្ហាអាងស្តុបទឹកធំៗ មកដល់ពេលនេះនៅមិនទាន់មានបញ្ហាអ្វីកើតឡើងនោះ ដោយឡែកបើសិនជាមានហានិភ័យ កើតឡើងអំពីការខ្វះខាតទឹក គឺមានតែស្រុកចំនួន៣ទេ ដែលប្រឈមមុនគេរួមមាន៖ ស្រុកភ្នំស្រួច ស្រុកគងពិសី ស្រុកបរសេដ្ឋ ដោយសារតែស្រុកទាំងនេះ មានស្ថានភាពឆ្ងាយពីប្រភពទឹក។

ប្រធានមន្ទីរ បានបន្តថា ចំពោះអាងទឹកជាច្រើន អាចធានាក្នុងការប្រើប្រាស់បានដល់ក្នុងចន្លោះខែឧសភា ឬពាក់កណ្តាលខែឧសភា បានដោយមិនជួបការខ្វះខាតទឹក ហើយ បច្ចុប្បន្នមន្ទីរធនធានទឹក បានកំពុងនាំទឹកពីអាងស្តុបទឹក ទៅកាន់ផ្លូវជាតិលេខ៣បន្តទៀត តាមរយៈប្រឡាយមេរលាំងជ្រៃ ក្នុងនោះ ចរន្តទឹកកំពុងហូរតាមប្រឡាយនានាតាមដងផ្លូវជាតិលេខ៤ដែរ តែដោយសារការប្រើប្រាស់ទឹក ប្រឡាយរបស់ពលរដ្ឋមានកម្រិតទាប ដោយពលរដ្ឋបានប្រើប្រាស់ទឹកស្អាតជំនួសវិញ។

លោកប្រធានមន្ទីរបញ្ជាក់ថា តាមរយៈក្រសួងធនធានទឹក មន្ទីរបានត្រៀមធុងទឹក ម៉ាស៊ីនបូមទឹក រថយន្តដឹកទឹក ទុកជួយសង្គ្រោះតំបន់ដែលខ្វះខាតទឹក ដោយប្រើប្រាស់ទឹកស្អាតតែម្តង ទៅជូនពួកគាត់ផងដែរ។

សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។

តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖

*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕