កូរ៉េខាងជើងបដិសេធសំណើប្រារព្ធរួមគ្នាខួបលើកទី ១០០ នៃចលនាឯករាជ្យប្រឆាំងជប៉ុនរបស់កូរ៉េខាងត្បូង

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីក្រសួងបង្រួបបង្រួមថាកូរ៉េខាងជើងបានបដិសេធសំណើរបស់កូរ៉េខាងត្បូង ដើម្បីប្រារព្ធរួមគ្នាគំរប់ខួប ១០០ឆ្នាំនៃចលនាឯករាជ្យថ្ងៃទី១ ខែមិនា ប្រឆាំងការធ្វើអាណានិគមរបស់ប្រទេសជប៉ុន ។

កូរ៉េខាងជើងបានជូនដំណឹងជាផ្លូវការដល់កូរ៉េខាងត្បូង ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីជំហររបស់ខ្លួន ដែលថា វានឹងមានការលំបាកក្នុងការធ្វើព្រឹត្តិការណ៍រួមគ្នាមួយនៅថ្ងៃទី១ ខែមីនា នៅពេលនេះ ដើម្បីប្រារព្ធដល់ចលនារំដោះឧបទ្វីបកូរ៉េពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន ។

ពួកអ្នកប្រវត្តិសាស្ត្រក្នុងស្រុកបាននិយាយថា ឧបទ្វីបនេះត្រូវបានធ្វើអាណានិគមដោយអធិរាជជប៉ុន ពីឆ្នាំ ១៩១០ ដល់ ១៩៤៥ ។ ក្នុងអំឡុងចលនាឯករាជ្យទូទាំងប្រទេសនៅថ្ងៃទី១ ខែមីនា ឆ្នាំ ១៩១៩ ជនជាតិកូរ៉េប្រហែល ៧.៥០០នាក់ បានស្លាប់ នឹងប្រហែល ៥០.០០០នាក់ត្រូវចាប់ខ្លួននៅក្រោមការបង្ក្រាបយ៉ាងឃោរឃៅរបស់ជប៉ុន ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា អ៊ីន ( Moon Jae –in ) និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong Un ) បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទីបីរបស់ខ្លួនក្នុងក្រុង ព្យុងយ៉ាង កាលពីក្នុងខែកញ្ញា ឆ្នាំ កន្លងទៅដើម្បីរំលឹករួមគ្នាខួបលើកទី​១០០ នៃចលនាឯករាជ្យនេះ ៕