យោធាលីប៊ី ប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធឆាដក្នុងប្រទេសលីប៊ីខាងត្បូង

អន្តរជាតិ៖ មន្ត្រីយោធាម្នាក់បាននិយាយថា យោធាលីប៊ីដែលមានមូលដ្ឋាននៅភាគខាងកើត កាលពីថ្ងៃពុធ បានប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធប្រឆាំងឆាដ ក្នុងទីក្រុង Murzuk នៅភាគខាងត្បូងចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ ពីរដ្ឋធានីទ្រីប៉ូលី នឹងបានបាត់បង់ទាហាន ៣នាក់ ។

មន្ត្រីនោះដែលបានបដិសេធមិនប្រាប់អត្តសញ្ញាណ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅ ល្ងាចថ្ងៃនោះថា ទាហាន៣នាក់បានស្លាប់ នៅពេលដែលកងកម្លាំងរបស់យើងចាប់យកការត្រួតត្រាទីក្រុង Mur Zuk ទាំងស្រុង​ ព្រមទាំងរឹបអូសយកបានគ្រឿងសព្វាវុធ និងរថយន្តមួយចំនួនពីពួកប្រឆាំងឆាដ ។

មន្ត្រីនោះបាននិយាយថា ពួកសកម្មប្រយុទ្ធប្រឆាំងឆាដ រាប់សឹបនាក់បានស្លាប់ និងរបួស ។ ពួកគេមួយចំនួនត្រូវបានចាប់ខ្លួន ។ ប្រតិបត្តិការនេះបានទទួលជោគជ័យបន្ទាប់ពីចាប់យកការត្រួតត្រាទីក្រុង Sabha ( ទីក្រុងលីប៊ីនៅភាគខាងត្បូង ដែលធំជាងគេ )។

មន្ត្រីនោះបាននិយាយបន្ថែមថា យោធានឹងចាប់យកការត្រួតត្រាតំបន់ភាគខាងត្បូង ទាំងមូលក្នុងពេលឆាប់ៗនេះ ។ យោធាដែលដឹកនាំដោយឧត្តមសេនិយខាលីហ្វា ហាហ្វតា ( Khaliifa Haftar ) បាននឹងកំពុងធ្វើយុទ្ធនាការយោធាមួយ ប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មនៅខាងត្បូងនេះ ចាប់តាំងពីពាក់កណ្តាលខែ មករាមក ។

កងយោធាបានធ្វើឱ្យមានការជឿនលឿនយ៉ាងសំខាន់ ចាប់តាំងពីការចាប់ផ្តើមធ្វើសកម្មភាពយោធា ព្រមទាំងក៏បានចាប់យកការត្រួតត្រាចំការប្រេងដ៏ធំបំផុតនៅក្នុងប្រទេសនេះផងដែរ ៕