ករណីគ្រឿងស្រវឹង​នៅឥណ្ឌា ផ្តាច់ជីវិតមនុស្សជាង១០០នាក់ ខណៈ២០០នាក់ទៀតត្រូវដេកពេទ្យ

(ញូដេលី)៖ គិតត្រឹមយប់ថ្ងៃសៅរ៍នេះ មនុស្សសរុបចំនួន១០៤នាក់បានបាត់បង់ជីវិត ដោយសារការបរិភោគគ្រឿងស្រវឹង​ក្លែងក្លាយខុសច្បាប់​ នៅក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

​ក្រៅពីអ្នកស្លាប់មនុស្សប្រមាណជា២០០នាក់ទៀត ក៏កំពុងតែសម្រាកដើម្បីសង្រ្គោះព្យាបាលនៅតាមមន្ទីរពេទ្យនានាផងដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ក្នុង​តំបន់កើតហេតុ ជនរងគ្រោះភាគច្រើនគឺជាពលករនៅចម្ការតែ​ Halmira ក្នុងស្រុក Golaghat ជាទីដែលមានមនុស្សស្លាប់​ដោយសារផឹកគ្រឿងស្រវឹងខុសច្បាប់នេះ មានចំនួន៥៨នាក់ ខណៈ៤៦នាក់នាក់ទៀតនៅស្រុក Jorhat ដែលនៅជាប់គ្នា។ យោងតាមការ​ស៊ើប​អង្កេតបឋម ប៉ូលិសឥណ្ឌាបានកំណត់មូលហេតុថា គឺមកពីការបរិភោគគ្រឿងស្រវឹងក្លែងក្លាយដែលផលិតក្នុងស្រុក។

គួរជម្រាបថា នេះពុំមែនជាលើកទីមួយដែលមានករណីមនុស្សស្លាប់ដោយសារគ្រឿង​ស្រវឹងដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដា​បែប​នេះឡើយ នៅក្នុងប្រទេសឥណ្ឌា។ កន្លងទៅថ្មីៗនេះ មនុស្សប្រហែល១០០នាក់ បានស្លាប់ដោយសារគ្រឿងស្រវឹងខុសច្បាប់ទាំងនេះ នៅ​រដ្ឋ​​ភាគខាងជើង Uttarakhand និង Uttar Pradesh ខណៈកាលពីឆ្នាំ២០១៥ ក៏មានមនុស្សជាង១០០នាក់ស្លាប់ក្នុងករណីដូចគ្នា នៅឯតំបន់​សំណង់​អនាធិបតេយ្យក្នុងទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានបាត់បង់ជីវិត នៅរដ្ឋ Bengal ខាងលិច។ ​គ្រឿង​​ស្រវឹងក្លែងក្លាយឬខុសច្បាប់ មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោក​និង​ភាពងាយស្រួល​ក្នុងការស្វែងរករបស់ពួកវា ជាពិសេស​​ជនក្រីក្រជាច្រើន​ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕