អ្នកជំនាញថា កុមារកម្ពុជាស្ទើតែទាំងអស់ កំពុងប្រឈមនឹង រោគពុកធ្មេញ

(ភ្នំពេញ)៖ លោកស្រី កោ ហុកស៊ីម ទន្ដបណ្ឌិត និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមទន្ដពេទ្យកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ​អត្រានៃការ​កកើតឡើងនៃរោគពុកធ្មេញ ហាក់កំពុងតែកើតមានយ៉ាងកំហុកនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា បើយោងតាមស្ថិតិកន្លងមក ឃើញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសកុមារ ដែលមានជាង៩០ភាគ កំពុងមានបញ្ហាពុកធ្មេញ ក្នុងនោះពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាលខេត្តនានា ក៏ប្រឈមនឹងជំងឺនេះខ្លាំងផងដែរ ខណៈការយល់ដឹងពីការថែទាំមាត់ធ្មេញនៅមានកម្រិត។

លោកស្រីទន្ដបណ្ឌិត បានលើកឡើងបែបនេះ នៅកម្មវិធីរៀបចំពិព័រណ៍ទន្ដសាស្រ្ដ ប្រចាំឆ្នាំ២០១៨នាព្រឹកថ្ងៃទី​១៧ ខែមករា ឆ្នាំ២០១៨។ ការរៀបចំ តាំងពិព័រណ៍ទន្ដសាស្រ្ដា ប្រចាំឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោកសាស្រ្ដាចារ្យ អេង ហួត រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោកស្រី កោ ហុក ស៊ីម បានថ្លែងឲ្យដឹងថា កត្តារោគពុកធ្មេញនេះ បណ្ដាលមកពីប្រជាពលរដ្ឋ និងកុមារមិនសូវមានការយល់ដឹង អំពីការថែទាំ​សុខភាព​មាត់ធ្មេញនេះ មួយវិញទៀតបណ្ដាលមកពីកត្តាផ្សេងដូចជា៖ កត្តាចំណីអាហារ, កត្តាអនាម័យមាត់ធ្មេញមិនស្អាតល្អ, ឬការបរិភោគអាហារ
ដែល​មានជិតស្ករ និងជាអាស៊ីតច្រើនពេក។

លោកស្រីបានបញ្ជាក់ទៀតថា «ដើម្បីកាត់បន្ថយរោគពុកធ្មេញនៅក្នុងប្រទេសកម្ពុជា ត្រូវផ្ដើមបញ្ជា្របពីការតំហែទាំសុខភាពមាត់ធ្មេញដល់ប្រជាពល​រដ្ឋទូទៅ ពិសេសទៅដល់កុមារ នៅតាមសាលារៀនផ្សេងៗ ដើម្បីឲ្យមាតាបិតា និងប្រជាពលរដ្ឋទាំងអស់ព្យាយាម ចាប់ផ្ដើមយកចិត្តទុកដាក់ អំពីបញ្ហា​សុខភាពមាត់ធ្មេញ ពីខ្លួនគាត់ផ្ទាល់ និងកូនៗរបស់គាត់ កាលណាយើងថែរក្សាមាត់ធ្មេញបានល្អ គឺជាកត្តាការពារមួយដល់ចម្បងដែល​ធ្វើ​ឲ្យ​មាត់ធ្មេញមានសុខភាពល្អ»។

លោកស្រីបានបញ្ជាក់ទៀតថា ការរៀបចំពិព័រណ៍ទន្ដសាស្រ្ដក្នុងថ្ងៃនេះផងដែរធ្វើឡើង ដើម្បីចែករំលែកចំណេះដឹងថ្មីៗទៅដល់ទន្ដបណ្ឌិត និងនិស្សិតទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនោះលោកសាស្រ្ដាចារ្យ អេង ហួត បានថ្លែងឲ្យដឹងថា បញ្ហាសុខភាពមាត់ធ្មេញ ជារឿងសំខាន់ដែលតម្រូវឲ្យមានតំហែរថែទាំងល្អបំផុត ព្រោះ​ថា​សុខភាពមាត់ធ្មេញល្អ នឹងអាចបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមឲ្យបានលូតលាស់ល្អប្រសើរ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។ តែផ្ទុយទៅវិញ បើសុខភាពមាត់ធ្មេញមិនល្អទេនោះ នឹងនាំឲ្យខាត់បង់សេដ្ឋកិច្ចគ្រួសារ និងសង្គម និងផលប្រយោជន៍ជាច្រើនរាប់​មិនអស់។

សូមបញ្ជាក់ទៀតថា សមាគមទន្ដពេទ្យកម្ពុជានេះ បានបង្កើតឡើង ចាប់ពីឆ្នាំ១៩៩៥ ហើយរហូតមកថ្ងៃនេះមានរយៈពេលជាង ២៣ឆ្នាំមកហើយ ហើយសមាគមនេះ ក៏បានជួយបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ព្រមទាំងទន្ដបណ្ឌិតជាច្រើនរូបទៀត ផងដែរ៕