រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ពិនិត្យ​អគារសិក្សា វិទ្យាល័យ​ជី​ហែ​ដែល​ត្រូវ​ជួសជុល​

(កំពង់ចាម)៖ ក្នុងឱកាស​ចុះ​បំពេញការងារ​នៅ​ខេត្តកំពង់ចាម នា​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន រួមជាមួយ ថ្នាក់ដឹកនាំ អង្គការ​ស៊ី​ប៉ា និង មូលនិធិ គី​ណា​ល់ ដែលជា​ប្រធាន​មូលនិធិ រៃអង្គាស ថវិកាពីស​ប្បុ​រស​ជន បាន​អញ្ជើញ​ពិនិត្យ អគារ​ដែល​ត្រូវធ្វើ​ការជួសជុល​ឡើងវិញ រួមមាន អាគារ​សិក្សា បណ្ណាល័យ សាលប្រជុំ និង​ទីចាត់ការ រួមជាមួយ​ការចាក់ដី បំពេញ​ទីធ្លា​សាលា វិទ្យាល័យ​ជី​ហែ នៅ​ភូមិ​ផ្សារ​ថ្មី ឃុំពាមប្រធ្នោះ ស្រុក​កោះសូទិន ។​

​​តាម​ការបញ្ជាក់​របស់ ប្រធាន​មូល​និ​ធី គី​ណា​ល់ បាន​ឲ្យ​ដឹងថា ក្នុង​រយៈ ពេលកន្លងមក​នេះ គឺមាន​ការចូល​រួមគ្នា​ជា​ថវិកា ពី​បណ្តា​សប្បុរសជន ពិសេស អតីត​សិស្ស ដែល​ធ្លា​ប់រៀន​នៅក្នុង​វិ​ទ្យ​ល័យ​ជី​ហែ ដោយ​ប្រមូល បាន​ថវិកាប្រមាណ ៨ម៉ឺន​ដុល្លារ សម្រាប់​យកមក​ជួយ​ជួសជុល អគារសិក្សា ក្នុង​វិទ្យាល័យ ជី​ហែ​នេះ ។

ក្នុងឱកាស​ក្រុមការងារ​ចុះមក​ពិនិត្យ​ជាក់ស្តែង គឺ​សម្រេច​ជួយ ជួសជុល អគារ​មួយខ្នង ដោយ​បែង​ចែកជា​ពីរ គឺ ១. អគារ ធ្វើជា​សាលប្រជុំ និង ២. សម្រាប់​ធ្វើជា អគារ បណ្ណាល័យ ពហុ​បច្ចេកវិទ្យា ហើយ​ដំណើរការ នៃ​ការ ជួសជុល គ្រោង​ធ្វើ​នៅក្នុង ខែ មីនា ខាងមុខនេះ បន្ទាប់ពី​ក្រុម​ជាង​របស់​អង្គការ​ស៊ី​ប៉ា ចុះមក​ពិនិត្យ វាយតម្លៃ អគារសិក្សា ក្នុងពេល​បន្ទាប់​ខាងមុខនេះ ។​

​ចំពោះ​ការជួសជុល​អគារសិក្សា​វិញ លោក ផេ​ន សុផល អភិបាលស្រុក កោះសូទិន ខេត្តកំពង់ចាម បាន​បញ្ជាក់ថា សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកចេញ ថ្លៃ ជួសជុល ឡើងវិញ​នូវ​អគារសិក្សា ចំនួន ៤ ខ្នង ស្មើ ១៨ បន្ទប់ ។ ដោយ ឡែក​លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកស្រី ចេញ​ថវិកា ចំនួន ៨ ពាន់ ដុល្លារ ដើម្បី​ទិញ​ដី យកមក​ចាក់​បំពេញ ទីធ្លា​សាលា​ឲ្យ​បាន​ស្មើគ្នា​។​

​តាម​ឯកសារ​ប្រវត្តិ​បានអោយដឹងថា វិទ្យាល័យ​ជី​ហែ ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយបាន​កសាងឡើង​ក្នុង កំឡុង​ឆ្នាំ ១៩៥៦ ដោយ​ថវិកា​អាណាព្យាបាល សិស្ស និង​សប្បុរសជន ហើយ​រួច រាល់​ក្នុង​ឆ្នាំ ១៩៥៧ ក្នុងនោះ​មាន​អគារ ទីចាត់ការ ១ ខ្នង ២ ជាន់ និង​អាគារ សិក្សា ៦ ខ្នង ស្មើ ២៥ បន្ទប់​។​

​វិទ្យាល័យ​ជី​ហែ ចាប់​បើកទ្វារ​ឲ្យ​បង្រៀន សិស្ស​ក្នុង​ឆ្នាំ ១៩៥៧ ដែលមាន​ឈ្មោះថា អនុ វិទ្យាល័យ​ជី​ហែ ។ ក្នុង​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក្នុង​របប​សាធារណរដ្ឋ វិទ្យាល័យ​ជី​ហែ ត្រូវ​បិទ​ទា្វរ ដោយ​យក​ធ្វើជា ឃ្លាំង​សម្ភារ ។ ក្នុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ វិទ្យាល័យ​ជី​ហែ ក្លាយជា​មន្ទីរពេទ្យ​ស្រុក និង​ជា​មន្ទីរឃុំឃាំង ។ ប៉​ន្តែ​ក្រោយ​ថ្ងៃ រំដោះ ៧ មករា ១៩៧៩ ត្រូវបាន​ដំណើរការ​រៀបចំ​សាលា​នេះ​ឡើងវិញ ហើយ នៅ​ឆ្នាំ ១៩៨០ ទើប​បើក​ដំណើរ​បង្រៀន​រហូតមក​ដល់​បច្ចុប្បន្ន ដែលមាន​ការ កសាង អាគារ​សិក្សា រួមជាមួយ​សមិទ្ធិផល​នានា​ដែល​បំរើ​ដល់​ការងារ​អប់រំ ។​

​វិទ្យាល័យ​ជី​ហែ ជា​វិទ្យាល័យ​ដ៏​ចំណាស់​មួយ តែងតែ​ជួប​ការលំបាក​ក្នុង ការរៀន និង​បង្រៀន ព្រោះ​អាគារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​អគារ ខ្លះ ជួសជុល​ប្រើការ​លែងកើត​។ ដោយ​ពិនិត្យ​ពី​ការលំបាក នេះ មូលនិធិ គី​ណា​ល់ បាន​ប្រមូល​ជា​ថវិកា ពី​អតីត​សិស្ស វិទ្យាល័យ​ជី​ហែ​និង​បណ្តា​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​យក​ជួយ​ជួសជុល​អាគារ​សិក្សា​និង​បណ្តា​ល័យ​ឡើងវិញ​ពិសេស​ជាង​នេះ​គឺ​ការគិតគូរ​និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោកជំទាវ ក៏ដូចជា ការយកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ពី​សំណាក់ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុង​ជួយ​ជម្រុញ និង​ដំណើរ​ការជួសជុល​អាគារ​សិក្សា វិទ្យាល័យ​ជី​ហែ​នេះ​ឡើង វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បីអោយ​សិស្សា​នុសិស្ស មាន​អាគារ​សិក្សា ស្អាត​សមរម្យ ប្រកបដោយ ផាសុខភាព ពិសេស​ចូលរួមចំណែក​ពង្រឹង និង​លើក កម្ពស់​គុណភាព និង​វិស័យ​អប់រំ ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម កាន់តែ​រីក ចម្រើន​ទ្វេ​ឡើង​ថែម​។​

​តាម​ការបញ្ជាក់​របស់ លោក ស៊ុយ ច​ន្ទ័​រិ​ទ្ធិ នាយក​វិទ្យាល័យ​ជី​ហែ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​វិទ្យាល័យ​នេះ មាន​គ្រូ កំពុង​ធ្វើ​ការ​បង្រៀន​ចំនួន ៥៨ នាក់ ហើយ​សិស្ស សរុប ប្រមាណ​ជាង ១.០០០ នាក់ ៕​