លោក ហ៊ុន ម៉ាណែត៖ បើខ្មែរមិនជួយលើកជាតិខ្មែរ គ្មាននរណាលើកយើងទេ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធី សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តអង្គសិរីនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃអាទិត្យទី២៤ កុម្ភៈ ២០១៩ ថា បើខ្មែរមិនជួយលើកជាតិខ្មែរ គ្មាននរណាលើកយើងទេ។

លោកនម៉ាណែត បានលើកឡើងនូវការប្ដេជ្ញាចិត្តរបស់សម្ដេចតេជោ ហ៊ុន សែនគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ គឺបម្រើប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

សូមប្រជាពលរដ្ឋជឿទុកចិត្តចុះ អំពើល្អនៅតែឈ្នះអស់មារសត្រូវ ហើយធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការរីកចម្រើន ទៅមុខ។ សូមប្រជាពលរដ្ឋ បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការការពារប្រជាជន ការពារផល ប្រយោជន៍ជាតិ ហើយយើងរួមគ្នាកសាងប្រទេស ទៅមុខបន្តទៀត។

លោក បន្តថា សម្តេចតេជោ លោក ហត់ណាស់ ប៉ុន្តែកម្លាំងចិត្តរបស់លោក នៅជាមួយប្រជាពលរដ្ឋជានិច្ច លោកបានខិតខំ ធ្វើការទាំងក្នុងប្រទេស និងក្រៅប្រទេស ខិតខំលើកកិត្តិយសជាតិគ្រប់ទីកន្លែង ខិតខំគៀងគរអ្នកវិនិយោគមកវិនិយោគ នៅក្នុងប្រទេសដើម្បីបង្កើតឱកាស ការងារឲ្យកូនចៅ ប្រជាពលរដ្ឋ ដោះស្រាយបម្រើប្រជាពលរដ្ឋ ហើយលោកតែងតែ គិតគូរយកចិត្តទុកដាក់និងមានកម្លាំងចិត្តបម្រើប្រជាជាតិឯង។

បើខ្មែរមិនជួយលើកជាតិខ្មែរ គ្មាននរណាលើកយើងទេ។ រួមគ្នាធ្វើអំពើល្អ ព្រោះការធ្វើអំពើល្អមានការគាំទ្រ ពីប្រជាពលរដ្ឋ។ សូមប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព សេចក្តីសុខសុខសប្បាយ និងការរីកចម្រើនរបស់ប្រទេសជាតិ កុំធ្វើតាមការញុះញង់តាមកលល្បិច របស់អ្នកនយោបាយមួយចំនួនដើម្បី តែផលប្រយោជន៍នយោបាយរបស់ខ្លួន។

សូមប្រជាពលរដ្ឋខិតខំធ្វើការ និងកសាងអនាគតកូនចៅ យើងជំនាន់ក្រោយ។

បន្ថែមពីនេះ លោក ក៏បានអបអរសាទរសមិទ្ធផលនៅវត្តអង្គសិរី ដែលកើតឡើងដោយការខិតខំចលនា គៀងគរពីសំណាក់ ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយដែលបានរួមគ្នា កសាងសមិទ្ធផលជាច្រើន ដែលការរីកចម្រើននេះបានដោយសារ ប្រទេសមានសុខសន្តិភាព មានការរីកចម្រើនវិស័យសាសនា និងមានការចូលរួម ចែករំលែកពីសំណាក់ពុទ្ធបរិស័ទ សប្បុរសជនដើម្បីកសាងសមិទ្ធ ផលនៅទីនេះក៏ដូចជាសមិទ្ធផល ជាច្រើននៅទូទាំង ប្រទេស។

លោកបញ្ជាក់ថា ” ការរស់នៅក្នុងសង្គមបើគ្មានសាសនាអប់រំផ្លូវចិត្តសីលធម៌ គុណធម៌ ការកសាងអំពើល្អនោះទេ យើងមិនមានសេចក្តីសុខនោះទេ ហើយមានការកាប់ចាក់គ្នាមិនឈប់។

សាសនាបានដើរតួសំខាន់ណាស់សម្រាប់អប់រំសីលធម៌ គុណធម៌ អប់រំណែនាំឲ្យមនុស្សប្រព្រឹត្ត អំពើល្អនៅក្នុងសង្គម ហើយកា៌រដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានផ្សាភ្ជាប់ជាមួយនឹងវិស័យ សាសនាដោយផ្អែកលើការធ្វើបុណ្យ ការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋធ្វើឲ្យប្រទេសរីកចម្រើនទៅមុខ”។

សមិទ្ធផលដែលមានថ្ងៃនេះ គឺជាសមិទ្ធផលបន្ថែមរយៈពេល៤០ឆ្នាំ នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស។

សូមថ្លែងអំណរគុណ ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុសជនជិតឆ្ងាយដែលបានចូលរួម ចែករំលែក កសាងសមិទ្ធផល និងសូម អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួលនៅក្នុងការកសាង សមិទ្ធផលទាំងអស់ នេះ។

គោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំណាស់ដើម្បីបម្រើប្រជាពលរដ្ឋដូច្នេះ អាជ្ញាធរត្រូវធ្វើបុណ្យ ជាមួយ ប្រជាពលរដ្ឋ ធ្វើអំពើល្អជាមួយ ប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋដោយមិនទុកពួក គាត់ចោលនោះទេ ហើយត្រូវខិតខំ ដោះស្រាយជូនពួកគាត់។

ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗ ដើម្បីផលប្រយោជន៍រួម។

មិនតែប៉ុណ្ណោះ លោកក៏សូមថ្លែងអំណរគុណប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត និងប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ដែលបានបោះឆ្នោត គាំទ្រសម្តេចតេជោហ៊ុនសែន និងបានផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកខិតខំធ្វើពិតប្រាកដដើម្បី ថែរក្សាសុខសន្តិភាព និងដឹកនាំប្រទេស ឲ្យមានការរីកចម្រើនតទៅមុខទៀត។

នេះហើយការធ្វើបុណ្យ ការធ្វើអំពើល្អទៅវិញទៅមក ដែលរាជរដ្ឋាភិបាលបានធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋបានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អ្នកធ្វើពិតប្រាកដ៕