ក្រុមហ៊ុន Apple នឹងសាងសង់រោងចក្រថ្មីក្នុងស្រុក ដែលផ្តល់ការងារ​ឲ្យប្រជាជន​អាមេរិក ២០,០០០នាក់!

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple​ បាននិយាយថា ខ្លួនមានគំរោងសាងសង់អាគារក្រុមហ៊ុនថ្មីមួយ ព្រមទាំងជួលបុគ្គលិក ២០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការ ស្វែងការកាត់បន្ថយពន្ធ ​ដែលនឹងអាចឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះ យកប្រាក់ចំណូលមកស្រុក​កំណើតវិញជាង ២៤៥ពាន់លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន ABC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

គំរោងនេះត្រូវបាន​ប្រកាសកាលពី​ថ្ងៃពុធ ពោលគឺវាកើតឡើងតែជាង​មួយខែប៉ុណ្ណោះ បន្ទាប់ពីសភា អាមេរិកអនុម័តលើ​ច្បាប់ពន្ធដារថ្មី របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែព្រមពេលជាមួយគ្នា មជ្ឈដ្ឋាន​ទូទៅយល់ថា ក្រុមហ៊ុន Apple មានគំរោងទាញ យកផលចំណេញ​ត្រឡប់មកវិញ ពីប្រាក់ដែលត្រូវ​ចំណាយនៅឯបរទេសជាង ២៥២ពាន់​លានដុល្លារ ដែលនឹងជាប់កាត្វកិច្ចបង់ពន្ធ ៣៨ពាន់លានដុល្លារ។ មួយវិញទៀត ការប្រកាសពីគំរោងសាងសង់អាគារថ្មី​ក៏ត្រូវបានគេរំពឹងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ I phone មានបំណងយកប្រាក់​នៅឯបរទេសខ្លួនជាង ២៤៥ពាន់លានដុល្លារ ត្រឡប់មកវិញ ឈរលើមូលដ្ឋាន​អត្រាបង់ពន្ធបណ្ដោះអាសន្ន ១៥.៥ភាគរយ នៅបរទេស។​

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Apple គំរោងរបស់ខ្លួនអាចនឹងចូលរួមចំណែក​ឯផ្ដល់ផលចំណេញ ៣៥០ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចអាមេរិក ក្នុងរយៈពេល០៥ខាងមុខ៕