អ្នកនាំពាក្យ​ក្រសួងសាធារណការ​៖​ ​ក្រុមហ៊ុន​ចិន​ចាប់ផ្តើម ​សិក្សា​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​ ​បាវិត​ជាថ្មី

ភ្នំពេញ​៖​ ​មន្រ្តី​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ជាថ្មី​ ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន​ ​បាន​ប្រកាស​ទទួល ​វិនិយោគ​គំរោង​នេះ​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២​ ​កុម្ភៈ​កន្លងមក​ថា​ ​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ ​សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​ ​JICA​ ​រួចហើយ​ ​ដោយ​គ្រោង​ចំណាយ​ថវិកា ​សរុប​ ​៣៨០០លាន​ដុល្លារ​ ​ដែល​ជា​ការ​ចំណាយ​ ដ៏​ធំធេង​មួយ​។​

លោក​បន្ត​ថា​ ​កន្លងមក​មាន​ក្រុមហ៊ុន​ចិន​ ​និង​បច្ចុប្បន្ន ទំនងជា​មាន​ក្រុមហ៊ុន​ចិន​ជា ច្រើន​ទៀត​ ​កំពុង​សិក្សា​ ដើម្បី​ឈាន​ទៅ​សាងសង់​ ផ្លូវ​ល្បឿន​លឿន​នេះ​។​

​អ្នកនាំពាក្យ​ ក្រសួង​សាធារណ​ការ បាន​បន្ត​ថា​ ​“​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​ ​ដែល​សិក្សា​ចំណាយ​អស់ ច្រើន​កន្លងមក​ ​ដោយសារ​ផ្លូវ​នេះ ​ត្រូវ​ធ្វើ​ស្ពាន​ប្រវែង​ជា​ ​១០គីឡូម៉ែត្រ​ ​នៅ​តំបន់​ស្រុក​ល្វាឯម​ ​ដោយសារ​ផ្លូវ​នេះ​ គ្រោង​ធ្វើ​នៅ​ផ្នែក​ខាងឆ្វេង​ទន្លេមេគង្គ​”​។​ ​លោក​បន្ត​ថា​ ​“​ផ្លូ​វនេះនឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​ខេត្តព្រៃវែង​ ​មុន​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​”​។​

​ទោះជាយ៉ាងណា ​គំរោង​សាងសង់​ផ្លូវ​នេះ​ ​មិនដឹង​បញ្ចប់​ការសិក្សា​ និង​ចាប់ផ្តើម​នៅ​ ​ពេលណា​នៅឡើយ​ទេ​។ ​​ក្នុង​​ពេល​អញ្ជើញ​ទស្សនកិច្ច​ ប្រទេស​ចិន​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​អនុញ្ញាត្ត​ ឲ្យ​ថ្នាក់ដឹកនាំ ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​ហើយ​សម្តេច​បាន​ជំរុញ ​ឲ្យ​ក្រុមហ៊ុន​នេះ​ពន្លឿន​ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​។​

ជាមួយគ្នា​នោះ​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន​ ​បាន​ជម្រាប​សម្តេច​តេជោ ​ពី​គំរោង​ដែល​ក្រុមហ៊ុន​នេះ​ ​នឹង​ទទួល​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​ខេត្តស្វាយរៀង​ ផង​ដែរ​៕