ប្រធានាធិបតី​វៀតណាម​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​២៥ កុម្ភៈ​

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​ស្អែក​នេះ លោក ង្វៀន ហ្វ៊ូ​ជុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក នា​យប់​ថ្ងៃទី​២៥ ខែកុម្ភៈ លោក​លោក ង្វៀន ហ្វ៊ូ​ជុង និង​លៀង​សាយភោជន៍ នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំណែក​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ប្រធានាធិបតី​វៀតណាម​នឹង​អញ្ជើញ​ទស្សនកិច្ច​នៅ​វត្ត​ឧណ្ណាលោម​និង​វត្ត​ស្វាយ​ពពែ ។ បន្ទាប់ពី​ទស្សនកិច្ច​វត្ត​ទាំងពីរ​នេះ​រួច លោក​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ និង​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​។ បន្ទាប់មក​លោក​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​វិមាន​ព្រឹទ្ធសភា​។ បន្ទាប់មក​លោក​នឹង​អញ្ជើញ​ទៅ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធាន​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា ។​

​ជំនួប​ចុងក្រោយ គឺ​លោក​ប្រធានាធិបតី​វៀតណាម នឹង​ជួបពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន​ផងដែរ​។​

​សូមជម្រាបថា​ប្រធានាធិបតី​វៀតណាម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕