មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ប្រើ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទណ្ឌិត ថោង សារ៉ាត់ ទៅ​ឲ្យ​តុលាការ​កាត់ទោស រឿង​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ប្រើ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​ទណ្ឌិត ថោង សារ៉ាត់ ទៅ​ឲ្យ​តុលាការ​កាត់ទោស រឿង​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដល់​ខាងក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្តង​។​

​ពេលមកដល់​តុលាការ គេ​សង្កេតឃើញ មាន​រទេះរុញ​សម្រាប់​ជនពិការ​ផងដែរ ដែល​ប្រើ​សម្រាប់ ថោង សារ៉ាត់ អង្គុយ និង​ចល័ត​នៅក្នុងពេល​សវនាការ​។​

​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទីរ​ព្រះសង្ឃ បាន​ប្រាប់ Swift News កាលពី​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ថោង សារ៉ាត់ ត្រូវបាន​បញ្ជូនបន្ត​ចេញពី​មន្ទីរពេទ្យ​មិត្ត​កម្ពុជា​-​សូ​វៀត ចូលមក​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បន្ទាប់ពី​ក្រុមគ្រួសារ​បាន​ជួសជុល​កែលម្អ​បន្ទប់​មួយ នៅ​ជាន់​ផ្ទាល់​ដី និង​បំពាក់​ម៉ាស៊ីនត្រជាក់​រួចរាល់​។​

​ថោង សា​រ៉ា​ត បាន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ទៅ​ចូលដេក​ក្នុង​គុក​ព្រៃ​ស បាន​មួយ​រយៈពេល​ខ្លី ក្រោយពី​សារព័ត៌មាន​ចេញផ្សាយ​អំពី​កា​រស​ង្ងំ​ដេក​លាក់ខ្លួន​នៅក្រៅ​គុក ហើយ​មិន​ព្រម​ចូលខ្លួន​មក​ក្នុង​សវ​នារ​បស់​តុលាការ​រាជធានី​ភ្នំពេញ​។​

​ក្រុម​វេជ្ជបណ្ឌិត ដែល​ទទួល​ព្យាបាល ថោង សារ៉ាត់ បាន​អះអាងថា ជនជាប់ចោទ​រូបនេះ អត់​មាន​ឈឺ​អ្វី​ធ្ងន់ធ្ងរ​ទេ ក៏ប៉ុន្តែ​មិនដឹង​ហេតុអ្វី ទើប​មន្ត្រី​ពន្ធនាគារ​មិន​ព្រមយក​ជននេះ​ទៅ​ដាក់គុក​វិញ​ឡើយ ដោយ​បន្ត​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន អាចមាន​សេរីភាព​ដេក​ក្រៅ​គុក ខុសប្លែក​ពី​អ្នកទោស​ដទៃទៀត ចំណែក​មន្ត្រី​ពន្ធនាគារ​ក៏​មិន​បានដាក់​ខ្មោះ​ជននេះ​ដែរ ដោយ​គ្រាន់តែ​ចាត់តាំង​ឆ្មាំ​គុក​២​នាក់ ឲ្យ​ដេក​យាម​នៅមុខ​បន្ទប់​តែប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ជនជាប់ចោទ​រូបនេះ ចូលមក​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ តាំងពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៧ ដោយ​បង្ហាញ​ឯកសារ​រោគវិនិច្ឆ័យ​បញ្ជាក់ថា មាន​ជំងឺលើសឈាម វិលមុខ និង​មាន​សតិ​មិនល្អ ដោយសារ​ភ័យខ្លាច​ជាប់​ក្នុង​គុក​។​

​លោក​បាន​បញ្ជាក់ថា «​តាំងពី​មក​ដេកពេទ្យ​នេះ គាត់​មិនដែល​ឈឺ​អី​ផង​។ ឯកសារ​រោគវិនិច្ឆ័យ​មានតែ​ដដែល​ហ្នឹង គឺ​របស់​មន្ទីរ​ពេទ្យរុស្ស៊ី​»​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត តាន់ សុ​គុន នាយក​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បាន​មានប្រសាសន៍ប្រាប់ Swift News កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា លោក​ក៏​មិន​សប្បាយ​ចិត្តនឹង​ការ​ស្នាក់នៅ​យូរពេក​របស់​ឈ្មោះ ថោង សារ៉ាត់ ប៉ុន្តែ​លោក​មិនអាច​បណ្តេញ​ឲ្យ​ទៅ​ដេក​ក្នុង​គុក​វិញ​ឡើយ ព្រោះ​មិនមែនជា​សមត្ថកិច្ច​រប​ស់លោក ដែល​ត្រូវតែ​ទទួល​ព្យាបាល ដោយ​គ្មាន​ការ រើសអើង​ថា ជា​ឧក្រិដ្ឋជន ឬ​ព្រះសង្ឃ​ឡើយ​។ ផ្ទុយទៅវិញ​រូបលោក​ផ្ទាល់ និង​ក្រុមគ្រូពេទ្យ​ដទៃទៀត នឹង​ពិតជា​សប្បាយចិត្ត ប្រសិនបើ ថោង សារ៉ាត់ ឈប់​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​របស់លោក​ត​ទៅទៀត​។​

​លោក​វេជ្ជបណ្ឌិត​បាន​រំឭកថា «​ដំបូង​ខ្ញុំ​បានប្រកែក​មិន​ទទួល​ទេ ព្រោះ​ខ្លាច​រំខាន​ដល់​មន្ទីរពេទ្យ​។ ប៉ុន្តែ​ក្រោយពេល​គេ​បញ្ជូន​មកដល់ ក៏​ចេះតែ​ទទួល​ព្យាបាល​ទៅ​»​។​

​លោក​វេជ្ជបណ្ឌិត​បាន​អះអាងថា រាល់​ចំណាយ​លើ​ការជួសជុល​បន្ទប់​នេះ គឺជា​បន្ទុក​របស់​ក្រុមគ្រួសារ ថោង សារ៉ាត់ សុទ្ធសាធ ចំណែក​ខាង​មន្ទីរពេទ្យ​មិនបាន​ចំណាយ​ថវិកា​អ្វី​ឡើយ ហើយក៏​មិន​ធានា​ពី​សុវត្ថិភាព​ជនជាប់ចោទ​ដែរ​។​

​តាំងពី​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៤ រហូតដល់​ដើមឆ្នាំ​២០១៧ ថោង សារ៉ាត់ ដេក​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ដោយ​សម្ងំ​នៅក្នុង​បន្ទប់​មួយ មាន​បំពាក់​ម៉ាស៊ីនត្រជាក់​យ៉ាង​ស្អាត នៅ​ជិត​សំណង់​អគារ​ខុន​ដូ​របស់ខ្លួន កម្ពស់​២២​ជាន់ ឈ្មោះថា ៩៩៩ ដែល​ពេលនេះ​បាន​ដូរ​ឈ្មោះ​មកជា UK ខុន​ដូ​។ ការ​ស្នាក់នៅ​ជិត​សំណង់​របស់ខ្លួន​បែបនេះ ហាក់ដូចជា ថោង សារ៉ាត់ ដេក​តាមដាន​មើល​ការងារ​សំណង់ ដែល​កំពុងតែ​ដំណើរការ​។​

​ចំណែក​នៅក្នុង​បន្ទប់​ឯកជន ដាច់ដោយឡែក​ពី​គេ​នេះ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ឯនេះ​វិញ ក្រៅពី​អង្គរក្ស បុគ្គលិក​ក្រុមហ៊ុន និង​អ្នកបម្រើ​, ឆ្មាំ​គុក​បាន​និយាយប្រាប់ Swift News យ៉ាងច្បាស់​ថា ថោង សារ៉ាត់ តែងតែ​ឲ្យ​ប្រពន្ធ​ទាំង​អម្បាល​មាណ មក​ដេក​រួមមេត្រី ដោយ​ចែកវេន​គ្នា​ជា​ហូរហែរ ដើម្បី​ទទួល​សេវា​ផ្លូវភេទ​ពី​លោក​។​

​ឆ្លើយតប​ចំពោះ​ករណី ថោង សារ៉ាត់ ដេក​រួមមេត្រី​ជាមួយ​ប្រពន្ធ​បែបនេះ លោក សន កែវ អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បកស្រាយ​ប្រាប់ Swift News ថា «​សិទ្ធិ​ប្រើប្រាស់​អ្នកបម្រើ និង​រួមភេទ ពុំ​ត្រូវបាន​អនុ​ញ្ញា​ឡើយ​»​។​

​លោក​បាន​បកស្រាយ​ទៀតថា ចំពោះ​ជនជាប់ចោទ ឬ​ទណ្ឌិត មាន​ជំងឺ​អាច​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​តាម​ស្ថានភាព​ជំងឺ លើសពី​សមត្ថភាព​មន្ត្រី​ពេទ្យ​នៅក្នុង​ពន្ធនាគារ ដោយមាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​ព្យាបាល​នៃ​មន្ទីរពេទ្យ​នោះ​។ ចំណែក រយៈពេល​មិនត្រូវ​បានកំណត់​ទេ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង​វេជ្ជបញ្ជា​របស់​ពេទ្យ​ព្យាបាល ហើយ​ត្រូវមាន​មន្ត្រី​ពន្ធនាគារ​យាម​ការពារ និង​មើលថែ​។ ក្នុងករណី​ជំងឺ​ធ្ងន់ធ្ងរ អាចមាន​សាច់ញាតិ​ម្នាក់ ជា​ជំនួយ​ក្នុងការ​ថែទាំ​ផ្ទាល់​។​

​លោក អំ សំអាត ប្រធាន​អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ ធ្លាប់បាន​រិះគន់ថា កន្លងមក​មិនសូវ​ជាមាន​ភាពស្មើគ្នា​ប៉ុន្មាន​ទេ ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ ក្នុងចំណោម​អ្នក​ជាប់ពន្ធនាគារ ពីព្រោះ​អ្នកទោស​ក្រីក្រ​ខ្លះ​គ្រាន់តែ​បញ្ចូនទៅ​ពិនិត្យ​រួច​ឲ្យ​ថ្នាំ ហើយ​ប​ញ្ចូ​ន​ត្រឡប់​ទៅ​គុក​វិញ ប៉ុន្តែ​អ្នកមាន​លុយ​អាច​ទទួលបាន​ការអនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​បានយូរ ដោយ​មិន​កំណត់ពេល​ជាក់លាក់​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ថា «​មានមតិ​សាធារណជន​ជាច្រើន​រិះគន់ថា ពួកគាត់​គ្រាន់​ទៅ​សម្រាក​នៅ​ទីនោះ ដើម្បី​គេចវេះ​ពី​ការ​រស់នៅក្នុង​ពន្ធនាគារ​»​។​

​យោងតាម​សាវតា​រឿង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង ថោង សារ៉ាត់ មិនតិចជាង​៣០​ដង​ឡើយ ប៉ុន្តែ ជនជាប់ចោទ​ជា​មេខ្លោង​សម្លាប់​មនុស្ស​រូបនេះ មិនដែល​ចូលរួម​សវនាការ​ម្តងណា​ឡើយ ដោយ​យក​លេស​ថា មាន​ជំងឺ​កំពុងស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​។​

​នៅ​ព្រឹកស្អែក​នេះ គឺ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ថោង សារ៉ាត់ នឹង​ចូលខ្លួន​ទៅក្នុង​សវនាការ​នេះ ដោយ​ប្រើ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ដឹក​ទៅដល់​តុលាការ​តែម្តង​៕