ឆ្នាំ​ ២០១៧ Rolls-Royce ផលិត​រថយន្ត​ច្នៃ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ១១៤ ឆ្នាំ​

ក្រុមហ៊ុន Rolls-Royce បាន​ប្រកាស​ ឆ្នាំ ២០១៧ គឺ​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​កែច្នៃ​រថយន្ត​បែប Bespoke និង​ទទួល​បាន​សមិទ្ធផល​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ១១៤ ឆ្នាំ​ម៉ាក​យីហោ​រថយន្ត Rolls-Royce។

សឹង​តែ​គ្រប់​រថយន្ត​ទាំងអស់​ដែល​ផលិត​ចេញ​ពី​រោង​ចក្រ Home of Rolls-Royce នៅ​ទីក្រុង Goodwood គឺជា​រថយន្ត​ផលិត​ច្នៃ​ពិសេស​បែប​ Bespoke។

រថយន្ត​ច្នៃ​ពិសេស​របស់ Rolls-Royce បង្កប់​ចក្ខុវិស័យ​ដ៏​មហិច្ឆតា​ និង​ជា​លក្ខណៈ​បុគ្គល​ដ៏​មាន​ឥទ្ធិពល។

@ Sweptail

គឺ​ជា​ការ​សម្រេច​បាន​តាម​សេចក្តី​សុបិន​​​របស់​អតិថិជន​ម្នាក់ ដែល​ចង់​បាន​រថយន្ត​ដែល​ច្នៃ​ប្រៀប​ដូច​ការ​ធ្វើ​នាវា។ រថយន្ត ‘Sweptail’​ នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឆ្នាំ ២០១៧ ដែល​ធ្វើ​ឲ្យ​​ការ​កែច្នៃ​បែប Bespoke យក​លំនាំតាម​​ការ​សាង​សង់​នាវា។

‘Sweptail’ គឺជា​រថយន្ត​ Bespoke ដែល​មាន​លក្ខណៈ​បុគ្គល និង​មាន​តែ​មួយ​គ្មាន​ពីរ។

@ New Phantom

រថយន្ត New Rolls-Royce Phantom បាន​​បង្ហាញ​ខ្លួន​ជា​សាធារណៈ​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ទទួល​បាន​ការ​កោត​សរសើរ​ទូទាំង​សកល​លោក។ ចំណុច​ស្នូល​នៃ​សម្រស់​រចនា​បថ​​រថយន្ត​នេះ​​គឺ “វិចិត្រសាល” ដែល​ជា​ផ្ទាំង​តា​ប្លូ និង​ផ្ទាំង​បញ្ជា ​ដ៏​ទំនើប​ទាន់​សម័យ បែប​ប្រណីត​​​ថ្មី។

@ Dawn និង Wraith

រថយន្ត​ពិសេស​ប្លែក​ចំនួន​ពីរ​គ្រឿង ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ ២០១៧ សម្រាប់​​ស្ទូឌីយោ​​រដូវ​ក្តៅ​​របស់​ Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារ​ពីរ​ដែល​ផលិត​បែប Bespoke និង​រថយន្ត Wraith Black Badge ត្រូវ​បាន​កុម្ម៉ង់​ជាពិសេស​ដើម្បី​​បង្ហាញ​ពី​សារសំខាន់​នៃ​កោះ​ដ៏​ស្រស់​បំព្រង​មួយ​នេះ។

@“Spirit of Calligraphy” Ghost

រថយន្ត​ “Spirit of Calligraphy” Ghost ដែល​កុម្ម៉ង់តែមួយគ្រឿង​យ៉ាងពិសេស​នេះ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ទីក្រុង​ឌូបៃ ​កាលពីឆ្នាំ ២០១៧ ដែល​ការ​រចនា​ត្រូវ​បាន​យក​លំនាំតាម​ស្នា​ដៃសិល្បៈ​​បុរាណ នៃ​អក្សរ​អារ៉ាប់។ ​ពាក្យ​ពេចន៍​នានា​ត្រូវ​បាន​ចាក់ពុម្ព​ចេញជា​រាង​ផ្សេងៗ​ ដែល​បង្កើត​បានជា​​ទឹក​ដៃ​ប្លែក​ដែល​អក្សរ​ និង​រូបភាព​​បង្កើត​ចេញ​ជារូបតែមួយ។

@ ‘Elegance’

រថយន្ត​ Ghost ‘Elegance”​ នេះ​ ត្រូវ​បាន​កុម្ម៉ង់​​សម្រាប់​អ្នក​ប្រមូល​វត្ថុ​ម្នាក់​ ដែល​រថយន្ត​នេះ​​​បាន​អភិវឌ្ឍ​ផ្នែក​ Bespoke ឲ្យ​ឈាន​ខ្ពស់​មួយកម្រិតទៀត ​ដោយ​ក្លាយជា​រថយន្ត​ដំបូងគេ​​ដែល​ប្រើប្រាស់​ថ្នាំ​លាយ​ជា​មួយ​​គ្រាប់​ពេជ្រ។ ថ្នាំ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “ហ្វូង​តារា​ពេជ្រ” ទឹក​ថ្នាំ​ដ៏​ពិសេស​ប្លែក​នេះ​​​មាន​លាយ​គ្រាប់​ពេជ្រ​ចំនួន ១០០០ គ្រាប់​ ដែល​ត្រូវ​បាន​កិន​​​ឲ្យ​ក្លាយ​ជា​ម្សៅ​​យ៉ាង​ម៉ដ្ឋ​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រៅ​មាន​ពន្លឺ​ភ្លឺផ្លេក​​គ្មាន​គូ​ប្រៀប។ រថយន្ត ‘Dawn in Fuxia’

នៅ​ក្នុង​ឆ្នាំ ២០១៧ អ្នក​ប្រមូល​វត្ថុ​ជនជាតិ​អាមេរិក លោក Michael Fux បាន​ទទួល​រថយន្ត​​បែប Bespoke ទី ១០ ​របស់​ខ្លួន​ពី​ Rolls-Royce។ បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ឆ្នេរ Pebble Beach នៅ​ឆ្នាំ ២០១៦ ដែល​ទីនោះ លោក​បាន​ប្រមូល​សំណុំ​ត្របក​ផ្កា fuchsia លោក​ក៏បាន​ឲ្យ​ក្រុមការងារ Bespoke នៅ Goodwood ច្នៃ​រថយន្ត Dawn មួយ​គ្រឿង​​ជាមួយ​ពណ៌​ថ្មី​ដែល​ទាក់ភ្នែក។ ជាលទ្ធផល​ រថយន្ត​នេះ​ត្រូវ​បាន​បង្ហាញ​​នៅ​ឯកម្មវិធី​ប្រមូល​ផ្ដុំ​​រថយន្ត​ Quail ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ហើយ​រថយន្ត “Dawn in Fuxia” គឺជា​រថយន្ត​ដែល​មាន​ពណ៌​ពិសេស​មួយទៀត ក្នុង​ចំណោម​សំណុំ​ពណ៌​ពិសេសៗ​​របស់​រថយន្ត Rolls-Royce ហើយ​ពណ៌​នេះ​ ទុក​ប្រើ​ប្រាស់​ផ្ដាច់​មុខ​សម្រាប់​តែ​លោក Fux ប៉ុណ្ណោះ។ ​

@‘Dawn B50’

ដើម្បី​ជា​ការ​រំឭក​ខួប​ ៥០ ឆ្នាំ​នៃ​សណ្ឋាគារ Hotel Byblos ​នៅ Saint-Tropez កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​បង្ហាញ​ម៉ូដែល “Dawn B50” ជា​រថយន្ត​​មាន​ការ​ច្នៃបែប Bespoke យ៉ា​ង​ពិសេស និង​មានតែមួយគ្រឿង​ ដោយ​យក​លំនាំ​តាម​អាកាសធាតុ​កក់ក្ដៅ និង​ភាព​រស់​រវើក​របស់​ឆ្នេរ Côte d’Azur ។

@ Silver Dawn

រថយន្ត Sliver Dawn ឆ្នាំ ១៩៥២ ដ៏​កម្រ​មួយ​គ្រឿង​ស្ថិត​​ក្នុងចំណោម​រថយន្ត​​ចំនួន​តិច​គ្រឿង​ប៉ុណ្ណោះ ​ដែល​បាន​ផលិត ត្រូវ​បាន​ដាក់តាំង​បង្ហាញ​យ៉ាង​សង្ហា​នៅ​ឯ​រោង​ចក្រ​របស់​រថយន្ត Rolls-Royce។ រថយន្ត​នោះ​ត្រូវ​បានលក់​ថ្មីទៅ​ឲ្យ​​អតិថិជន​នៅ​ប្រទេស​កាណាដា ហើយ​នៅ​ឆ្នាំ ២០១៧ មានការ​កុម្ម៉ង់​រថយន្ត Dawn ថ្មី​ ពី​អតិថិជន​នៅប្រទេស​កាណាដាដដែល​ ហើយ​រថយន្ត​នេះ គឺបាន​រំឭក​ដល់​រថយន្ត​ដ៏ពិសេស​​ក្នុង​ខួប ៦៥ ឆ្នាំ​របស់​ខ្លួន។

@ Ghost Seoul Edition និង Wraith Busan Edition

សំណុំ​រថយន្ត Bespoke សម្រាប់​កូរ៉េ​ ត្រូវ​បាន​បង្ហាញ​នៅ​ឯ​ស្ថានទូត​ចក្រ​ភព​អង់គ្លេស​នៅ​ក្នុង​ទីក្រុង សេអ៊ូល  ដើម្បី​បង្ហាញ​ពី​កេរដំណែល​ដ៏​ស្រស់​ស្អាត​​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាមួយ​នឹង​ភាព​ទាន់​សម័យ​នា​ពេល​បច្ចុប្បន្ន។ រថយន្ត Ghost Seoul Edition ឆ្លុះ​បង្ហាញ​នូវ​ពណ៌​ ដែល​មាន​នៅ​លើ​ទង់ជាតិ Taegukgi ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ព្រម​ជាមួយ​នឹង​ពណ៌ស​ភ្លឺ​ និង​ឆ្នូត​ភ្លីភ្លោះ​ ដែល​មាន​ពណ៌ខៀវ និង​ក្រហម ព្រម​ជាមួយ​នឹង​រូប​បែប Bespoke គូស​ដោយដៃ ដែល​ជា​​គំនូរ​ស៊ីឡូអ៊ីត​​របស់​អគារ​និមិត្ត​រូប Namsan នៃ​ទីក្រុងសេអ៊ូល។

ចំណែកឯ​រថយន្ត Wraith Busan Edition ត្រូវ​បាន​យក​លំនាំ​តាម​ពណ៌​ទីក្រុង​​តំបន់​ឆ្នេរ​​ Busan ជាមួយ​នឹង​ផ្ទៃ​ខាង​ក្រៅ​មាន​ពីរ​ពណ៌​លាយគ្នា គឺ​ពណ៌​ខៀវ​ និង​ទឹកប្រាក់ ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​ពន្លឺព្រាលៗ​នៃ​សមុទ្រ​ដែលព័ទ្ធជុំវិញ។