ជន​សង្ស័យ​មានបំណង «ប្លន់យន្តហោះ» បង្ខំឲ្យ​ជើងហោះហើរ​ទៅឌូបៃ ចុះចតយ៉ាងទាន់ហន់នៅបង់ក្លាដែស!

បង់ក្លាដែស៖ ជើងហោះហើរ​​មួយដែលគ្រោង​ឆ្ពោះ​ទៅទីក្រុងឌូបៃ នៃប្រទេស​អេមីរ៉ាត់អារ៉ាប់រួម បានធ្វើចុះចត​ជា​បន្ទាន់​នៅព្រលានយន្តហោះទីក្រុង Chittagong នៃប្រទេស​បង់ក្លាដែស បន្ទាប់ពីមាន​សេចក្តីរាយការណ៍ថា ជនសង្ស័យម្នាក់​​មានបំណង​​ប្លន់យន្តហោះនេះ​នៅកណ្តាល​អាកាស​តែម្តង។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន RT នាយប់​ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ប៉ូលិសនៃព្រលាន​យន្តហោះ Chittagong បានអះអាងថា ក្រោយយន្តហោះ​ចុះចត វាត្រូវបាន​ឡោមព័ទ្ធភ្លាមៗ​ដោយ​កងកម្លាំងមាន​សមត្ថកិច្ច ហើយអ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀសចុះ​ពីលើយន្តហោះ​ដោយ​សុវត្ថិភាព​ នៅសល់តែជន​សង្ស័យជាចោរប្លន់​យន្តហោះ និង​បុគ្គលិក​បម្រើការងារ​នៅលើយន្តហោះនោះម្នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចុះមក។

អ្នកឃើញ​​ហេតុ​ការណ៍​ផ្ទាល់ភ្នែក​បាន​បញ្ជាក់ថា ជនសង្ស័យ​មាន​កាំភ្លើងកាន់នៅ​ហ្នឹងដៃ​បានធ្វើការបាញ់​គម្រាម​​មួយគ្រាប់ និងក្រោយ​មក​​ក៏បានប្រទាញប្រទង់គ្នា​ជាមួយពីឡុត ហើយជន​សង្ស័យរូបនោះ​​បានស្រែកថា រូបគេចង់​ជួបជាមួយ​នាយករដ្ឋមន្ត្រី (អាចជា​នាយករដ្ឋមន្ត្រី​បង់ក្លាដែស ដែលទើបជាប់ឆ្នោត)។ ពុំមាន​ការបញ្ជាក់​លម្អិត​បន្ថែម​ទៀតឡើយ អំពីការចាប់ខ្លួន​ជនសង្ស័យរូបនេះ ឬក៏យ៉ាង​ណានោះ។

គួរបញ្ជាក់ថា យន្តហោះខាងលើ​នេះ​មានជើងហោះហើរ​លេខ BG 147 ជាកម្មសិទ្ធិ​របស់​អាកាសចរណ៍​បង់ក្លាដែស Biman ដែលបានគ្រោងហោះហើរ​ពីរដ្ឋធានី​ដាកា ឆ្ពោះទៅកាន់​ទីក្រុងឌូបៃ ប៉ុន្តែវាត្រូវបាន​ចុះចតនៅ​ទីក្រុង Chittagong ឬ Chattogram នៃ​ប្រទេស​បង់ក្លាដែសវិញ បន្ទាប់ពីកើតមាន​ករណីប៉ុនប៉ងប្លន់យន្តហោះ​ខាងលើនេះ៕