សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិកើន៦,៨ លាននាក់ ឆ្នាំ២០២០កើនដល់៧,៥ លាននាក់ និងឆ្នាំ២០៣០កើនដល់១៥លាននាក់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប៦,២ លាននាក់ គឺកើនឡើងបាន១១,៥ភាគរយ ក្នុងនោះមកពី ១១០ប្រទេស ជុំវិញពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាឯឆ្នាំ២០១៩នេះ កម្ពុជារំពឹងនឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦,៨ លាននាក់ លុះដល់ឆ្នាំ២០២០ ក៏នឹងសង្ឃឹមថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានដល់ជាង ៧,៥ លាននាក់ ហើយឆ្នាំ២០៣០ ក៏នឹងទទួលបាន១៥លាននាក់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេចរណ៍ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់៕