សម្តេចតេជោ ហ៊ុន សែន៖ នៅឆ្នាំ២០៥០ ប្រជាជនកម្ពុជាអាចនឹងកើនដល់២៥លាននាក់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើននោះ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពល្អប្រសើរឡើង ដែលធ្វើឲ្យអត្រាកំណើននៃប្រជាសាស្ត្រប្រចាំឆ្នាំ មានលំនឹងក្នុងរង្វង់ ១ ទៅ ១,៥ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាមការព្យាករ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០ លាននាក់ និងឈានដល់២៥លាននាក់នៅឆ្នាំ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេចរណ៍ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់៕