គីម ធ្វើដំណើរ ដោយរថភ្លើងទៅប្រទេសវៀតណាម

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់កូរ៉េខាងជើង បានផ្សាយថាមេដឹកនាំរបស់ខ្លួន គឺលោកគីម ជុងអ៊ុន បានស្ថិតនៅលើរថភ្លើង កាលពីថ្ងៃអាទិត្យ ទៅកាន់ប្រទេសវៀតណាម ដែលជាកន្លែងដែលលោក នឹងចូលរួមកិច្ចប្រជុំកំពូល លើកទី២ ជាមួយលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាម ការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា រថភ្លើង បានចាកចេញពីក្រុងព្យុងយ៉ាង ទៅវៀតណាម កាលពីរសៀលថ្ងៃសៅរ៍។

លោកគីម ត្រូវបានអមដំណើរ ដោយអនុប្រធាន គណៈកម្មាធិការកណ្តាល របស់គណបក្ស ពលករកូរ៉េខាងជើង លោក Kim Yong Chol ដែលទទួលបន្ទុក កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីការបរទេស Ri Yong Ho, នាយកនៃនាយកដ្ឋាន កិច្ចការអន្តរជាតិ នៃសមាជប្រជាជនកំពូល Ri Su Yong និងរដ្ឋមន្រ្តីការពារជាតិ No Kwang Chol ។ ចំណែកប្អូនស្រីលោក គីម គឺលោកស្រី គីម យូជុង ក៏ស្ថិតនៅក្នុងចំណោម សមាជិកគណៈប្រតិភូផងដែរ។

ផែនការធ្វើដំណើរទៅក្រៅប្រទេស របស់លោកគីម ត្រូវបានរក្សាទុកជាសម្ងាត់ ប៉ុន្តែវាត្រូវចំណាយពេល ជាងពីរថ្ងៃ សម្រាប់ការធ្វើដំណើរ ទៅប្រទេសវៀតណាម ដោយឆ្លងកាត់ ប្រទេសចិន។

កិច្ចប្រជុំកំពូលលើកទី២ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គ្រោងធ្វើនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម៕