ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ករណី​ជិះម៉ូតូ​បុកគូថរថយន្ដ នៅផ្លូវ២១៧ ​

ភ្នំពេញ ៖ ​មនុស្សប្រុសស្រី៣នាក់ ជិះម៉ូតូ Let’s ទៅបុកគូថរថយន្ដ​ពីក្រោយ បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ កំពុងសម្រាកនៅគ្លីនិកឯកជន “សួគ៌ា” ​ហេតុការណ៍នេះ ​បានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

​តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ រួមដំណើរ​ដោយនារីពីរនាក់ ជិះម៉ូតូស៊ុយគីឡែតមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ CP 4848 ធ្វើដំណើរពីលិចទៅកើត បោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបុករថយន្តមិនចាំម៉ាក ពីក្រោយពេញទំហឹង ​បណ្ដាលយុវជន និងនារី ដែលរួមដំណើរបែកក្បាលស្លាប់ ក្នុងថ្លុមឈាមគួរឲ្យរន្ធត់​ ចំណែក​នារីម្នាក់ទៀតរងរបួសធ្ងន់។ ​​​

​ភ្លាមនោះប្រជាពលរដ្ឋ បានធ្វើការទាក់ទង​រថយន្តសាម៉ុយគ្លីនិកឯកជន “សួគ៌ា​” ​ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ។​ ចំណែកសពទាំងពីរ សមត្ថកិច្ចស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី​៕