អន្តរជាតិ ប្រធានាធិបតី វ៉េណេស៊ុយអេឡា និងប្រពន្ធ នាំគ្នារាំរែក យ៉ាងសប្បាយ ក្នុងពេលបក្សប្រឆាំង កំពុងប្រឹងនាំជំនួយចូល

បរទេស៖ លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃទី២៣ ខែកុម្ភៈថា លោកកំពុងបន្តគ្រប់គ្រងប្រទេស ទោះបីជាមានស្ថានភាពតានតឹង នៅតាមព្រំដែនប្រទេសអាមេរិកឡាទីនក៏ដោយ ដោយក្នុងអំឡុងបាតុកម្ម គាំទ្រការបដិវត្តន៍បូលីវី ដែលបានធ្វើនៅថ្ងៃដដែលនោះ លោក ម៉ាឌូរ៉ូ បានរាំសាល់សាជាមួយភរិយារបស់លោក គឺលោកស្រី ឈ្មោះស៊ីលី ហ្វររ៉េស ដើម្បីបង្កើនស្មារតី ដល់អ្នកគាំទ្ររបស់លោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ការរាំរបស់លោក ម៉ាឌូរ៉ូ និងភរិយា ក៏ត្រូវបានថតតាមវីដេអូ និងចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋផងដែរ។

សូមជម្រាបថា វីដេអូរាំរែកនេះ បានកើតឡើងនៅពេល គណបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលដឹកនាំដោយលោក Juan Guaido បានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ននោះ គឺ កំពុងព្យាយាមធានា ដល់ការផ្តល់ជំនួយមនុស្សធម៌ ដែលឧបត្ថម្ភដោយអាមេរិក ចូលក្នុងវ៉េណេស៊ុយអេឡា តាមប្រទេសប្រេស៊ីល និងកូឡុំប៊ី ហើយជាលទ្ធផលក៏បានបង្ក ឱ្យមានការប៉ះទង្គិចជាច្រើនផងដែរ៕