សម្តេចតេជោ ឲ្យក្រសួងប្រៃសណីយ៍ បំពាក់ WiFi នៅតំបន់ទេសចរណ៍ មុនឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពាក់វាយហ្វាយ (WiFi) ឲ្យដល់ភ្ញៀវទេសចរណ៍ នៅកន្លែងទេសចរណ៍ ដើម្បីពួកគេបានប្រើប្រាស់ មុនឆ្នាំ២០២៣។

ក្នុងពិធីបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្រសួងទូរគមនាគមន៍ ត្រូវបំពាក់ Free WiFi នៅតាមបណ្តាគោលដៅនីមួយៗ ជាពិសេសនោះ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ឲ្យបានមុនឆ្នាំ២០២៣” ។

សម្តេចបានបញ្ជាក់ថា ចំណុចពាក់ព័ន្ធនឹង Free WiFi នេះ ត្រូវមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពនៅរាជធានីភ្នំពេញ មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ៕