ទីតាំងសត្តឃាតមាន់មួយកន្លែង នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដែលអភិបាលរាជធានីភ្នំពេញបញ្ជាឲ្យចុះបិទ នៅតែបន្តដំណើរការដដែល

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅតែមិនអស់ចិត្ត និងងឿយឆ្ងល់យ៉ាងខ្លាំង ចំពោះទីតាំងសត្តឃាតមាន់ ដែលត្រូវអាជ្ញាធរដឹកនាំកម្លាំង ចុះបិទតាមលិខិតរបស់សាលារាជធានីភ្នំពេញ តែរហូតមកដល់ពេលនេះ ម្ចាស់សត្តឃាតមាន់នៅតែបន្តធ្វើដោយមិនក្លាចបន្តិចណាទាល់តែសោះ ដែលធ្វើឲ្យប្រជាជនរស់នៅតំបន់នោះ អស់ជំនឿចិត្តលើលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់បីដូចគ្មានប្រសិទ្ធិភាពឡើយ។

កាលពីពេលថ្មីៗកន្លងមកលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរ វិស័យខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះទៅទីតាំងសត្តឃាតមាន់ ដែលមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង ដើម្បីមកបិទជាស្ថាពរ ទៅលើទីតាំងសត្តឃាតមាន់នោះជាស្ថាពរ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ក្រោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាច្រើនគ្រួសារ ជាយូរមកហើយ ដែលចោទថាជះក្លិនស្អុយ និងបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃនោះ។

ការសម្រេចបិទអាជីវកម្មសត្តឃាតមាន់ ដឹកនាំដោយលោក លឹម សាម៉ឺឌី បានធ្វើឡើងដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក។

លោក លឹម សាម៉ឺឌី បានឲ្យដឹងថា មុនឈានដល់ការបិទជាស្ថាពរចំពោះទីតាំង សត្តឃាតមាន់របស់លោក សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្ម មិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដា បច្ចេកទេស និងរងការប្ដឹងចោទប្រកាន់ពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាច្រើនគ្រួសារ ថាមានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃនោះ។

យ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ដែលជាម្ចាស់អាជីវកម្មសត្តឃាតមាន់ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់មន្ត្រីជំនាញពាក់ព័ន្ធ មកធ្វើការស៉ើបអង្កេតនូវទីតាំង ក្នុងការតាមការ ជាក់ស្ដែងជាមុនសិន មុនឈានដល់ការបិទ ដើម្បីរកផលប៉ះពាល់ មុនដែលលោកដាក់ពាក្យប្ដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ តវ៉ាបន្តទៀតចុះ។

ប្រជាជន បានឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរចុះមកបិទរួចមក ទីតាំងនេះនៅតែលួចបន្តធ្វើ ដោយមិនខ្វល់ និងលិខិតរបស់សាលារាជធានីភ្នំពេញ។ ចំពោះទីតាំងសត្តឃាតមាន់ខាងលើនេះ លោក លឹម សាម៉ឺឌី បានបញ្ជាក់ថា ខណ្ឌបានបញ្ជូនឯកសារទៅសាលារាជធានីភ្នំពេញអស់ហើយ ដើម្បីចាត់វិធានការ បន្តចំពោះសត្តឃាតមាន់មួយនេះ។ សូមឲ្យអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង បង្កើតគណៈកម្មាធិការចម្រុះ ដើម្បីចុះមកពិនិត្យលើទីតាំងសត្តឃាតមាន់នោះ ដោយមានទាំងព្រះរាជ្ញាចូលរួមផង៕