ក្រុមមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់៖ អាល្លឺម៉ង់ នៅជាមួយកម្ពុជាជានិច្ច ជាពិសេសនៅជាមួយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ បានថ្លែងបង្ហាញជំហរមុតមាំថា នឹងនៅជាមួយកម្ពុជា ជាពិសេសនៅជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន។

ជំហរនេះត្រូវបានបញ្ជាក់ដោយលោក ណរបែត បាតល័រ (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការសហព័ន្ធអាលឺម៉្លង់ ពេលដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវិមានសន្តិភាព។ ប្រតិភូអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន នាពេលនេះ មានសមាសភាពចម្រុះរួមមានសមាជិកសភាផង និងសមាជិករដ្ឋាភិបាលផង។

ក្នុងជំនួបនោះ លោក ណរបែត បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីគម្រោងទាំងឡាយ ដែលសហព័ន្ធអាឡឺម៉ង់ បានធ្វើនៅ​​កម្ពុជា ដើម្បីជាមូលដ្ឋានបន្តកិច្ចសហប្រត្តិការគម្រោងទាំងនោះថែមទៀត​ ស្របតាមអ្វីដែលជាការបានលើកឡើងរបស់លោកស្រីអធិកាបតី អេនជីឡា ម៉ាគែល។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកព័ត៌មាននៅក្រោយជំនួប។

លោក អ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា ក្នុងជំនួបនោះលោក ណរបែត និងគណៈប្រតិភូ បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន តាមរយៈគម្រោងអភិវឌ្ឍន៍នានា។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ដូច្នេះ «ឯកឧត្តម ណរបែត បានគោរពជម្រាបជូនសម្ដេច​ថា ប្រទេសអាល្លឺម៉ង់ នៅជាមួយកម្ពុជាជានិច្ច។ ជាពិសេសនៅជាមួយសម្តេចតេជោ ក្នុងការជួយដល់កម្ពុជាលើវិស័យផលិតកម្មកសិកម្ម, អគ្គិសនី ប្រើប្រាស់ផ្ទាំងសូឡា, ប្រព័ន្ធស្រោចស្រព និងជំរុញការវិនិយោគមកកម្ពុជា រួមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ»។

ក្នុងឱកាសនោះ លោក ណរបែត ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកពេលបានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានកត់សម្គាល់ឃើញពីការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់កម្ពុជា ហើយក៏សង្កេតឃើញមានការវិនិយោគជាច្រើនដោយមានជំនឿទុកចិត្តខ្ពស់ពីអ្នកវិនិយោគ។ លោក ក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្ដេចកន្លងមក គឺបាននាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចស្ថិរភាព សន្តិភាព ដែលនេះជាស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ។

លោក ណរបែត បញ្ជាក់ថា នៅពេលនេះអ្នកវិនិយោគអាឡឺម៉ង់ មានចំណាប់អារម្មណ៍ខ្លាំងសម្រាប់ការវិនិយោគនៅ​កម្ពុជា ហើយក៏បានមកដាក់ទុនវិនិយោគនៅក្នុង​កម្ពុជាហើយផងដែរ។

ឆ្លើយតបនឹងសមានចិត្តដ៏ស្មោះសរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់នេះ សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកស្រីអធិការបតី អេនជេឡា ម៉ាគែល ដែលបានផ្ញើលិខិតមកអរសាទរ ចំពោះការឈ្នះឆ្នោត និងធ្វើជានាយករដ្ឋមន្ត្រី របស់សម្ដេចតេជោនាពេលកន្លងទៅ។ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកការលើកឡើងរបស់លោក ណរបែត គឺជាការវាយតម្លៃដ៏ស្មោះត្រង់មួយ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រតិភូសហព័ន្ធអាល្លឺម៉ង់ថា អ្នកមិនធ្លាប់បានមកកាន់កម្ពុជាទេ គឺមានអារម្មណ៍ហាក់បីដូចជាគ្មានអ្វីកើតឡើងឡើយសម្រាប់កម្ពុជា។ សម្រាប់កម្ពុជា កាលពីឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះគឺមានមនុស្សជាច្រើន ដែលមករស់នៅភ្នំពេញដែលនាំមកជាមួយនូវការអភិវឌ្ឍផង និងការឈឺក្បាលផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍនេះគឺទទួលបានរយៈពេល ២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយការអភិវឌ្ឍន៍នេះ ក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីគម្រោងនានារបស់សហព័ន្ធអាល្លឺម៉ងផងដែរ។​

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ប្រតិភូផងដែរថា ទោះបីកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយ។ តែកម្ពុជាបានដាក់ចេញនូវផែនការអាទិភាពមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ផែនការអាទិភាពនោះរួមមានការអភិវឌ្ឍធនធានមនុស្ស​, បញ្ហាប្រព័ន្ធស្រោចស្រប់, បញ្ហាទូរគមនាគមន៍ និងគមនាគមន៍​ និងបញ្ហាអគ្គិសនីជាដើម៕