លោក គីម ជុងអ៊ុន ចង់បានអ្វីពីជំនួបកំពូលជាមួយលោក ដូណាល់ ត្រាំ នៅវៀតណាម?

(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវចូលរួមកិច្ចប្រជុំ​កំពូលជាលើកទី២ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ។ មេដឹកនាំទាំង២ធ្លាប់ជួបគ្នាម្ដង​រួចមកហើយកាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរីជាទីដែលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបានសន្យារំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ ពាក្យសន្យានេះមិនត្រូវបានអនុវត្តយ៉ាងពេញលេញឡើយ ដោយអាមេរិកនៅ តែចោទថារបបដឹកនាំលោក គីម ជុងអ៊ុន បន្តលួចលាក់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ រីឯកូរ៉េខាងជើងចោទថាទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក មិនអាចជួយអ្វីបានឡើយដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

* តើលោក គីមចង់បានអ្វីពីជំនួបជាមួយលោកត្រាំ នៅវៀតណាម?

នៅពេលលោក គីម ជុងអ៊ុន ឡើងកាន់អំណាចជាមេដឹកនាំកូរ៉េខាងជើង លោកធ្លាប់បានបង្ហាញពីមហិច្ឆិតាធ្វើទំនើបកម្មសេដ្ឋកិច្ច ជាតិឡើងវិញ ក្នុងនោះរួមមានទាំងការសាងសង់មជ្ឈមណ្ឌវិទ្យាសាស្ត្រ Sci-Tech Complex ក្នុងទីក្រុងព្យុងយ៉ាង, សារមន្ទីរជាតិ​ប្រវត្តិសាស្ត្រ, កន្លែងជិះស្គីកម្សាន្ត រួមទាំងផ្លូវថ្នល់ថ្មីៗ និងសួនឧស្សហកម្មជាច្រើន។ ប៉ុន្តែ មហិច្ឆិតានេះកំពុងជាប់គាំងដោយសារតែ ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ហើយដែលនេះបានធ្វើឱ្យលោក គីម ផ្លាស់ប្ដូរ​គោលនយោបាយធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីទទួលបានសម្បទានពីអាមេរិក។

ជាក់ស្ដែង នៅក្នុងសុន្ទរកថាចូលឆ្នាំសកល មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាក់កាន់តែច្បាស់ថាទីក្រុងព្យុងយ៉ាងនឹងផ្ដោត សំខាន់លើការស្ដារសេដ្ឋកិច្ចជាតិ ហើយថានឹងឆ្លើយតបឱ្យដូចគ្នាទៅនឹងសហរដ្ឋអាមេរិក។ ពោលគឺក្នុងន័យនេះ បើសហរដ្ឋអាមេរិក យល់ព្រមបន្ធូរបន្ថយ ឬដកទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុង ឬក៏ធានាសន្តិសុខដល់របបដឹកនាំរបស់លោក គីម នោះកូរ៉េខាងជើង ក៏នឹងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។

ដូច្នេះនៅក្នុងជំនួបជាមួយលោក ត្រាំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក គីម ជុងអ៊ុន ទំនងជានឹងស្នើឱ្យ សហរដ្ឋអាមេរិកដកឬបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច, បើកបណ្ដាញទំនាក់ទំនងការទូតរវាងប្រទេសទាំង២, ចុះហត្ថលេខាលើ សន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកដកកងទ័ព និងអាវុធរបស់ខ្លួនចេញពីទឹកដី កូរ៉េខាងត្បូងជាដើម។

* បញ្ហារបស់លោក គីម ថាតើលោកចង់រក្សាអាវុធនុយក្លេអ៊ែរ ឬចង់រួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច?

ចូលឆ្នាំ២០១៩នេះ លោក គីម ជុងអ៊ុន បានអះអាងថាកូរ៉េខាងជើងនឹងផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តែដើម្បីសម្រេច គោលដៅនេះ លោកត្រូវធ្វើយ៉ាងឱ្យប្រទេសរបស់លោករួចផុតពីទណ្ឌកម្មជាមុនសិន ខណៈទីក្រុងវ៉ាស៊ីតោនធ្លាប់បញ្ជាក់ថានឹងមិន ដកទណ្ឌកម្មជាដាច់ខាត រហូតទាល់តែទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុនសិន។ ក្រោយជំនួបជាមួយ លោក ត្រំា នៅសិង្ហបុរី លោក គីម បានបញ្ឈប់រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលពិតប្រាកដមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឱ្យរបបដឹកនាំកុម្មុយនិស្ដមួយនេះបោះចោលអាវុធប្រល័យលោកទាំងស្រុងដដែល។

ដោយឡែក បើតាមអ្នកជំនាញ ការចង់ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះ របបដឹកនាំលោក គីម ជុងអ៊ុន យល់ថាទាល់តែមានអាវុធប្រល័យលោកនេះ ទើបមានសុវត្ថិភាព។ ជាឧទាហរណ៍មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើងជាច្រើនរូបក៏ធ្លាប់បានព្រមានផងដែរថានឹងដំណើរការគោលនយោបាយនុយក្លេអ៊ែរឡើងវិញ បើសិនជា ទីក្រុងវ៉ាស៊ីនតោននៅតែបង្ខំឱ្យខ្លួនបោះបង់ចោលអាវុធមួយនេះ។ មួយវិញទៀត វាមិនអាចទៅរួចឡើយដែលលោក គីម ចង់បាន អាវុធនុយក្លេអ៊ែរផង និងការដកទណ្ឌកម្មសេដ្ឋកិច្ចក្នុងពេលជាមួយគ្នា ដ្បិតទីក្រុងវ៉ាស៊ីនតោននឹងមិនឱ្យរឿងបែបនេះកើតឡើង​ជាដាច់ខាត។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកដល់ប្រទេសវៀតណាមនៅថ្ងៃអង្គារ សប្ដាហ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាលើកទី២ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ៕