ចិន និងអាម៉េរិក បញ្ចប់ការចរចា ពាណិជ្ជកម្មចុងក្រោយ មានវឌ្ឍនភាពច្រើន លើបញ្ហាជាក់ស្តែង

(វ៉ាស៊ីនតោន)៖ គណៈប្រតិភូចិនបានឲ្យដឹងថា មហាអំណាចចិន និងអាម៉េរិក បានសម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់លើបញ្ហា ជាក់លាក់មួយចំនួន បន្ទាប់ពីកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាន់ខ្ពស់ចុងក្រោយរបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងអំឡុងកិច្ចចរចាថ្ងៃទី២១ ដល់ ២៤ ខែកុម្ភៈ ដែលជាជុំទី៧ ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន អ្នកចរចាចិន និងអាម៉េរិក បានបន្តអនុវត្តនូវមតិឯកច្ឆន្ទដ៏សំខាន់ ដែលបានសម្រេច ដោយប្រធានាធិបតី នៃប្រទេសទាំងពីរ ក្នុងអំឡុងពេលជួបប្រជុំនៅខែធ្នូ នៅអាហ្សង់ទីន ហើយបានផ្តោតការចរចារលើអត្ថបទនៃ កិច្ចព្រមព្រៀង។

គណៈប្រតិភូចិន បានឲ្យដឹងថា ការរីកចម្រើនគួរឱ្យកត់សម្គាល់ ត្រូវបានធ្វើឡើងលើបញ្ហាជាក់លាក់ ដូចជាការផ្ទេរបច្ចេកវិទ្យា ការការពារសិទ្ធិ កម្មសិទ្ធិបញ្ញា ឧបសគ្គមិនមែនពន្ធគយ ឧស្សាហកម្ម សេវាកម្ម កសិកម្ម និងអត្រាប្តូរប្រាក់។

គណៈប្រតិភូចិន បានបន្ថែមថា នៅលើមូលដ្ឋាន នៃការរីកចម្រើនចុងក្រោយ ភាគីទាំងពីរនឹងបន្តការងាររបស់ខ្លួន សម្រាប់ដំណាក់កាលបន្ទាប់ ដោយអនុលោមតាមការណែនាំ របស់ប្រមុខរដ្ឋទាំងពីរ។

ក្រុមការងារចិន ត្រូវបានដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី Liu He ដែលបានធ្វើជា បេសកកជនពិសេស របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយក្រុមសហរដ្ឋអាមេរិក ត្រូវបានដឹកនាំដោយអ្នកតំណាងពាណិជ្ជកម្មលោក Robert Lighthizer និងលេខាធិការក្រសួងរតនាគារ Steven Mnuchin៕