រន្ធត់! រថយន្តដឹកថ្មបុករះម៉ូតូ៥គ្រឿង​ និងរថយន្ត១គ្រឿង ​បណ្តាលឲ្យអ្នកជិះម៉ូតូក្មេងចាស់២នាក់ស្លាប់ និងរបួសម្នាក់

(ភ្នំពេញ)​៖​ យ៉ាងហោចណាស់ក្មេងចាស់២នាក់​បានស្លាប់ និងម្នាក់ទៀតរបួស ក្នុងហេតុការណ៍ចរាចរណ៍ដ៏រន្ធត់រវាង​រថយន្ត​ដឹកថ្មបុករះម៉ូតូ និងរថយន្ត១គ្រឿងផ្សេងទៀត​ នៅព្រឹកថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៨​ នៅ​ភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា​ មុនកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន​ ដែលបើកលើផ្លូវលេខ១១០​ ក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ហើយបានបើកបុករះម៉ូតូ៥​គ្រឿង​ រថយន្ត១គ្រឿង​ ដែលបណ្តាលឲ្យអ្នកជិះម៉ូតូ​ក្មេងចាស់២នាក់ស្លាប់ភ្លាមៗ​ និងរបួសម្នាក់ផងដែរ​ ចំណែករថយន្តបង្កបានក្រឡាប់​នៅក្បែរនោះ។

ក្រោយកើតហេតុ​ អ្នកស្លាប់ទាំង២នាក់ត្រូវបានសាច់ញាតិ​ យកទៅធ្វើបុណ្យ​តាមប្រពៃណី​ ចំណែកអ្នករងរបួសបញ្ជួនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ​។

ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ច​ យកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕