កម្ពុជា​ដណ្តើម​លេខ​បី​ជាមួយ​វៀតណាម មុន​ឥណ្ឌូណេស៊ី និង​ថៃ ប្រជែង​ពាន​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ U22 វៀតណាម​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រៅពី​ជំនួប​ដែល​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទន្ទឹង​រង់ចាំ​នេះ ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ គឺ​ជំនួប​ដណ្តើម​ជើងឯក​រវាង​ក្រុម U22 ថៃ​ជាមួយ U22 ឥណ្ឌូណេស៊ី ដែល​រៀបចំ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។
​ទោះបី​វា​ជាការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ តែ U22 កម្ពុជា​ទាមទារ​យកឈ្នះ U22 វៀតណាម​ដាច់ខាត​នៅថ្ងៃនេះ ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​កម្ពុជា​។ ព្រោះ​បើតាម​ប្រវត្តិ​ជួបគ្នា​កន្លងមក កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​វៀតណាម​ម្តងណា​ឡើយ​ទាំង​កម្រិត​យុវជន​និង​ឈុត​ធំ​។ ហើយ​កម្ពុជា ក៏​មិន​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ដែរ ទាំង​កម្រិត​អាស៊ីអាគ្នេយ៍​និង​អាស៊ី​។
​បើសិន​កម្ពុជា​អាច​យកឈ្នះ​វៀតណាម​ក្នុងជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃនេះ លោក Felix Dalmas នឹង​ក្លាយជា​គ្រូបង្វឹក​មួយរូប ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ ប៉ុន្តែ វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​ឡើយ ព្រោះ​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ាន​។
​មុន​ជួបគ្នា​នៅ​វគ្គ​នេះ​ក្រុម​ទាំងពីរ​បាន​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនោះ​ក្រុម U22 កម្ពុជា​បាន​ចាញ់ U22 ថៃ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៣ ក្រោយ​ប្រកួត​១២០​នាទី​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​។ ចំណែក U22 វៀតណាម​ចាញ់ U22 ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ១-០​។ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ពូ​ល B ខណៈ​វៀតណាម​លេខ​១​ក្នុង​ពូ​ល A​។​
​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះដែរ U22 ថៃ ត្រូវ​ប្រជែង​ជាមួយ​ឥណ្ឌូណេស៊ី នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ពានរង្វាន់ AFF U22 Championship 2019៕