ធនាគារ​ពិភពលោក (WB) បាន​បង្ហាញ​ពី​គម្រោង​ស្ដីពី ការ​បង្កើន​នូវ​ភាព​ធន​នឹង​អាកាសធាតុ ដោយ​ធានា​បាន​នូវ​និរន្តរភាព​លើ​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នឹង​ប្រទេស​វៀតណាម មាន​ខេត្ត​ ព្រៃវែង ស្វាយរៀង និង​ខេត្ត​តាកែវ

ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ចាន់ ស៊ីណាត អនុ​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​លោក​ស្រី Anjali Acharya មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក ទទួល​បន្ទុក​បរិស្ថាន និង​ក្រុម​ការងារ​របស់​លោកស្រី កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។
លោកស្រី Acharya បាន​ឲ្យ​ដឹង​ថា WB បាន​ចាប់ផ្តើម​អនុវត្ត​១​ជំហាន​ហើយ​ ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជាប់​​ព្រំ​​ដែន​នឹង​ប្រទេស​កម្ពុជា ក្នុង​ប្រទេស​វៀតណាម​ ក្នុង​តម្លៃ​ ៤០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ក្នុង​ប្រទេស​កម្ពុជា​វិញ លោកស្រី​ក៏​នឹង​ផ្តល់​ជូន​ក្នុង​ចំនួន​ដូច​នឹង​ខាង​ប្រទេស​វៀតណាម​ដែរ ដោយ​បូក​បន្ថែម​នឹង​តម្រូវ​ការ​ជាក់ស្ដែង​មួយ​ចំនួន​ថែម​ទៀត​ ដែល​នឹង​កើត​មាន​ជា​យថាហេតុ ​ក្នុង​ពេល​អនុវត្ត​គម្រោង​ តាម​រូបមន្ត Demand Driven​ ។
ទន្លេមេគង្គក្រោម
មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក បន្ត​ថា គម្រោង​នេះ​ គឺ​ក្នុង​បំណង​ចាប់​យក​ទឹក​ពី​អាង​ទន្លេ​មេគង្គ​ក្រោម​ មក​ប្រើ​ប្រាស់​បាន​សមស្រប​ប្រកប​ដោយ​ចិរភាព សមធម៌ និង​​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​ពេល​ដែល​ភព​ផែនដី​ កំពុង​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ឡើង​ៗ ក្រោម​បាតុភូត Elnio សម្រាប់​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។
ក្នុង​ជំនួប​នេះ លោក​អនុ​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា សក្ដានុពល​សម្រាប់​ប្រើប្រាស់ និង​ចាប់​យក​ទឹក​មក​ប្រើ​ប្រាស់​ឲ្យ​អស់​ពី​លទ្ធភាព​ ក្នុង​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ គឺ​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​កីចក ប្រព័ន្ធ​ធារាសាស្រ្ត​វៃកូ ប្រព័ន្ធ​ធារាសាស្រ្ត​តាដុក​ព្រៃ​ញាតិ និង​ប្រព័ន្ធ​ធារាសាស្រ្ត​ប្រឡាយ​លេខ​៩៨ ដែល​ជា​ប្រព័ន្ធ​ធារា​សាស្រ្ត​ខ្នាត​ធំ ខាង​ប្រទេស​កម្ពុជា​៕