លោក​ប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន អះអាង​ថា ក្រុង​ម៉ូស្គូ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច បើ​អាមេរិក​ចង់​បាន​

បរទេស៖ ប៉ុស្តិ៍​ទូរទស្សន៍​នៅ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​បង្ហាញ​គោលដៅ​ចំនួន ​២ ដែល​រុស្ស៊ី បាន​តម្រង់​ក្បាល​មីស៊ីល​ដាក់​នៅ​ទឹកដី​សហរដ្ឋអាមេរិក ក្រោយពី​លោក​ប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន អះអាង​ថា ក្រុង​ម៉ូស្គូ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច បើ​អាមេរិក​ចង់​បាន​។

គោលដៅ​ទាំង​២ នៅ​អាមេរិក រួម​មាន៖ មន្ទីរ​បញ្ចកោណ និង ជំរំ Camp David ក្នុង​រដ្ឋម៉ារីឡែនដ៍ ដែល​ជា​ភូមិគ្រឹះ​សម្រាប់​ប្រធានាធិបតី​សម្រាក​ពី​ការងារ​។ ប៉ុស្តិ៍​ទូរទស្សន៍​រុស្ស៊ី រាយការណ៍​ថា មីស៊ីល​នេះ អាច​បាញ់​ចំ​គោលដៅ​ ដោយ​ប្រើប្រាស់​ពេល​មិន​ដល់ ៥​នាទី​ឡើយ។

មន្ទីរបញ្ចកោណ និង​ ជំរំ Camp David

លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ព្រមាន​ថា រុស្ស៊ី​នឹង​តម្រង់​ក្បាល​មីស៊ីល​ដាក់ សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ (ICBM) របស់​ខ្លួន​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្រោយ​អាមេរិក ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​ស្ដីពី​អាវុធ​នុយក្លេអ៊ែរ Intermediate-Range Nuclear Forces Treaty (INF) កាល​ពី​ពេល​ថ្មី​ៗ​កន្លងទៅ​។
ថ្លែង​ក្នុង​ពិធី​សន្ទរកថា​ប្រចាំ​ឆ្នាំ​មួយ លោក ពូទីន ជំរុញ​ឲ្យ​មេដឹកនាំ​អាមេរិក​ គិត​ដល់​អាវុធ​របស់​រុស្ស៊ី មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​អ្វី​មួយ។ «វា​ជា​សិទ្ធិ​របស់​ពួកគេ ក្នុង​ការ​គិត​​។ ប៉ុន្តែ​តើ​ពួកគេ​អាច​គណនា​បាន​ទេ? ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​អាច។ អ៊ីចឹង​ឲ្យ​ពួកគេ​គណនា​ពី​ចម្ងាយ និង​ល្បឿន​របស់​អាវុធ​ពួក​យើង​សាក​មើល​ទៅ​»។

សូម​ជម្រាប​ថា ក្រោយ​ការ​បញ្ចប់​សន្ធិសញ្ញា INF ទាំង​សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​ព្រមាន​អំពី​ការ​អភិវឌ្ឍ​អាវុធ​ថ្មីៗ រៀង​ៗ​ខ្លួន​។ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៩ បាន​ទាមទារ​ឲ្យ​រុស្ស៊ី ​កម្ទេច​ចោល​នូវ​ប្រព័ន្ធ​មីស៊ីល​ថ្មី ដែល​ខ្លួន​ចាត់​ទុក​ជា​ការ​រំលោភ​លើ​សន្ធិសញ្ញា​ INF និង​ប៉ះពាល់​ដល់​សន្តិសុខ​សាកលលោក​៕