រដ្ឋមន្ត្រីការបរទេសចិននិងប៉ាគីស្ថានសន្ទនាគ្នាតាមទូរស័ព្ទ ស្តីពីការវាយប្រហារនៅកាស្មៀរដែលឥណ្ឌាត្រួតត្រា

អន្តរជាតិ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ( Wang Yi ) បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក សា ម៉ាមូដ គូរ៉េស៊ី​( Shah Mahmood Qureshi ) ដើម្បីផ្លាស់ប្តូរទស្សនគ្នា ស្តីពីការវាយប្រហារអត្តឃាតកាលពីពេលថ្មីៗនេះនៅក្នុងកាស្មៀរ ដែលឥណ្ឌាត្រួតត្រា ។

លោក គូរ៉េស៊ី បានជូនដំណឹងដល់លោក វ៉ាង ពីជំហររបស់ប៉ាគីស្ថាន និងវិធានការដើម្បីដោះស្រាយការវាយប្រហារកាស្មៀរ ដែលឥណ្ឌាត្រួតត្រាដោយបញ្ជាក់អះអាងឡើងវិញនូវភាពស្មោះត្រង់របស់ប្រទេសនេះ ព្រមទាំងដំណោះស្រាយដើម្បីទាក់ទងជាមួយឥណ្ឌា នឹងការរកឱ្យឃើញនូវការពិតនៃឧប្បត្តិហេតុនេះ ។

លោក គូរ៉េស៊ី បាននិយាយថា ជំហររបស់ប៉ាគីស្ថានលើការថែររក្សាសន្តិភាពតំបន់ និងការប្រយុទ្ធ នឹងអំពើភេរវកម្មនឹងនៅតែឥតផ្លាស់ប្តូរដដែល ហើយប៉ាគីស្ថានកំពុងមានឆន្ទៈរួមដៃគ្នាជាមួយបណ្តាប្រទេសដទៃទៀតដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ​ ។

នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនេះ លោក វ៉ាង បានអរគុណ លោក គូរ៉េស៊ី ដែលបានប្រាប់លោក ដោយត្រួសៗ ស្តីពីបញ្ហានេះ លោកបាននិយាយថា ចិនគាំទ្រប៉ាគីស្ថាននិងឥណ្ឌាក្នុងការដោះស្រាយបញ្ហានេះតាមរយៈការសន្ទនាគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាននឹងចៀងវាងការធ្វើឱ្យស្ថានការណ៍នេះ រឹតតែខ្លាំងឡើង ។ លោកបានអំពាវនាវដល់ភាគីទាំងពីរឱ្យសហការគ្នាលើការប្រយុទ្ធនឹងអំពើភេរវកម្ម ព្រមទាំងការពាររួមគ្នានូវសន្តិសុខ និង ស្ថិរភាពអាស៊ីខាងត្បូង៕