ចន ច័ន្ទលក្ខិណា ធ្វើ​ឲ្យ​ប្អូន​ស្រីយំ​រហាម ​ក្នុង​ថ្ងៃ​មង្គល​(វីដេអូ)

ថ្ងៃ​មង្គល​ការ​ប្អូន​ស្រីពៅ​យប់​មិញ​នេះ ចន ច័ន្ទលក្ខិណា បាន​និយាយ​ជូន​ពរ​ប្អូន​ទាំង​បង្ហូរ​ទឹក​ភ្នែក​ផង អួល​ដើមក​ផង​ ត្បិត​រំភើប​ចិត្ត​ពេក​ក្រៃ និង​នឹក​ឃើញ​បទ​ពិសោធន៍​ស្នេហា​របស់​ខ្លួន​ផង​។ ពាក្យពេចន៍របស់បងស្រី ធ្វើឲ្យកូនក្រមុំទប់ទឹកភ្នែកមិនជាប់នោះទេ នាងយំរហាមលើឆាកតែម្តង។​​

​​​​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ និយាយ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នាង​រំភើប​​ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក​បែប​នេះ​ ព្រោះ​ដោយ​នេះ​ជា​មង្គល​ការ​ទី​២​របស់​ប្អូន​ៗ តែ​ប្អូន​មុន​​ការ​ហើយ​ចូល​នៅ​គ្រួសារ​ខ្លួន ឯ​ប្អូន​ពៅ​រូប​នេះ រៀប​ការ​ហើយ​គឺ​នឹង​ចាក​ឆ្ងាយ​ទៅ​រស់​នៅ​ជា​មួយ​គ្រួសារ​ខាង​ប្រុស​ទើប​នាង​កើត​ចិត្ត​បារម្ភ។

ជា​មួយ​គ្នា​នោះ​នាង​ទទូច​សុំ​កូន​កំឡោះ ​និង​គ្រួសារ​ដន្លង​ថា បើ​មាន​ខុស​ទាស់​អ្វី​សូម​អធ្យាស្រ័យ​ចំពោះ​ប្អូន​ពៅ​នាង​ផង ត្បិត​រូប​នាង​នៅ​ក្មេងអាច​នឹង​មាន​កំហុស​ឆ្គង​ខ្លះ​ដោយ​អចេនា​។

​​ចន ច័ន្ទលក្ខិណា បន្ថែម​ទៀតថា​ ហេតុ​ដែល​ខ្លួន​ និង​គ្រួសារ​សម្រេច​ចិត្ត​លើក​ប្អូន​ឲ្យ​ទៅ​ លោក លីវេង នេះ​ ព្រោះ​អ្នក​ទាំង​២​បាន​មើល​ថែ​គ្នា​អស់​៦​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​ម្ល៉េះ ដូច្នេះ​នាង​មិន​បារម្ភ​ឡើយ​ ព្រោះ​ស្នេហា​អ្នក​ទាំង​២​មិន​នៅ​ក្មេង​ទៀត​ឡើយ ហើយ​សូម​ជូន​ពរ​ប្អូន​ឲ្យ​មាន​សុភមង្គល​​រៀង​រហូត​ទៅ៕