ព័ត៌មានជាតិ ដើមឆ្នាំ២០១៩ កម្ពុជានាំបន្លែស្រស់ ទៅកាន់ទីផ្សារអឺរ៉ុបជាង ៣០តោន

(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) ជាង៣៣តោន ដែលនេះជាមោទកភាព នៃការសម្រេចបាននូវ គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈស្តីពី វិស័យកសិកម្ម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់វិស័យកសិកម្ម ជាវិស័យអាទិភាព ព្រោះបានបំពេញតួនាទីសំខាន់ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ សន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ផ្ដល់ប្រភពស្បៀងអាហារ សម្រាប់ជីវភាពប្រចាំថ្ងៃ របស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ចម្បងសម្រាប់ការអភិវឌ្ឍផ្នែក កសិ-ឧស្សាហកម្ម ជាប្រភពចំណូលជាតិ ដ៏សំខាន់ដែលទទួលបាន ពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ចូលទីផ្សារជាតិ-អន្ដរជាតិផងដែរ។

លោកបន្តទៀតថា “ថ្មីៗនេះ កម្ពុជាបាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានជាង៣៣តោន ដែលនេះជាមោទនភាព នៃការសម្រេចបាននូវ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងការជំរុញកំណើន ផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពល ក្នុងការប្រកួតប្រជែងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស” ។

រដ្ឋមន្រ្តីបន្ថែមថា ការអនុវត្តផលិតកម្មកសិកម្ម ត្រូវបានផ្លាស់ប្តូរពីការប្រើសត្វពាហនៈ មកការប្រើគ្រឿងយន្តកសិកម្មវិញ ការប្រើប្រព័ន្ធដំណក់ទឹក និងផ្ទះសំណាញ់ ក្នុងផលិតកម្មបន្លែ ហើយប្រជាកសិករបានក្លាយជាកសិពាណិជ្ជករ ។ សហគមន៍កសិកម្មកំពុងក្លាយជា កម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាន ក្នុងសេដ្ឋកិច្ចសង្គមជនបទ ។

ទោះបីជាយ៉ាងណា លោកអះអាងថា វិស័យកសិកម្មក៏បានកំពុង ជួបប្រទះបញ្ហាមួយចំនួនផងដែរដូចជា ៖ ផលិតភាពនៅមានកម្រិតទាប ទាំងបរិមាណ និងគុណភាព , ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ កសិផលមិនទាន់ឆ្លើយតប នឹងតម្រូវការទីផ្សារ , យន្តការសម្រួលការនាំចេញ នៅមិនទាន់មានភាពប្រទាក់ក្រឡា , ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ទៅដល់កសិករ និងសហគមន៍ដែល នៅឆ្ងាយនៅមានកម្រិត កង្វះយន្តការផ្សារភ្ជាប់ទីផ្សារ ជាមួយនឹងផែនការដាំដុះ និងប្រមូលផល ។

ប៉ុន្តែលោកថា ក្រសួងបាន និងកំពុងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហា ប្រឈមទាំងអស់នោះ ជាបន្តបន្ទាប់ ៕