សុខភាពពិភពលោក៖ ការស្លាប់បណ្តាលពីជំងឺកញ្ជ្រឹលឡើងដល់៦ពាន់នាក់ នៅកុងហ្គោ   

(អន្តរជាតិ)៖ ការស្លាប់ពីជំងឺកញ្ជ្រឹលនៅកុងហ្គោ បានឡើងលើសពី ៦០០០ នាក់។ នេះបើតាមការឲ្យដឹងដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ៧មករានេះ ខណៈព្រមានថា ត្រូវការមូលនិធិថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្ស ក្នុងពេលដែលផ្ទុះឡើងនូវជំងឺឆ្លងដ៏អាក្រក់មួយនេះនៃពិភពលោក។

កញ្ជ្រឹល បានសម្លាប់មនុស្សនៅកុងហ្គោ សឹងតែបីដងច្រើនជាងជំងឺ អេបូឡា នៅក្នុងប្រទេស ដែលធ្វើឲ្យមានការចាប់អារម្មណ៍អន្តរជាតិ ជាពិសេសបន្ទាប់ពីក្រុមសុខាភិបាល រងនូវការវាយប្រហារពីកងឈ្លបប្រដាប់អាវុធ ដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។ ក្នុងសេចក្តីប្រកាសមួយ អង្គការ WHO ថា “កង្វះការផ្តល់មូលនិធិ នៅតែជាការរាំងស្ទះដ៏ធំ ក្នុងការរាំងស្កាត់ការរាលដាលជំងឺនេះ ឲ្យបានជោគជ័យ”។ ខណៈដែលមានការប្រមែប្រមូលបានទឹកប្រាក់ ២៧,៦ លានដុល្លាររួចហើយដើម្បីទប់ស្កាត់ជំងឺកញ្ជ្រឹលនេះ WHO ថា នៅត្រូវការ ៤០ លានដុល្លារទៀត សម្រាប់ផែនការ ៦ ខែ ធ្វើការចាក់ថ្នាំបង្កា(វ៉ាក់សាំង) កុមារដែលមានវ័យពី ៦ ទៅ ១៤ ឆ្នាំ។ ថ្នាំបង្កាជំងឺកញ្ជ្រឹល មានជាច្រើនទសវត្សមកហើយ តែមានប្រមាណជា ៣១០ ពាន់ករណី ត្រូវបានគេរាយការណ៍ថាកើតមាននៅកុងហ្គោ តាំងពីដើមឆ្នាំ ២០១៩៕ ដោយ៖ Kosal R