News Update: ក្រោយការរត់ជាន់គ្នា ក្នុងពិធីបុណ្យសពមេទ័ព ជនជាតិអ៊ីរ៉ង់ស្លាប់កើនដល់៥៦នាក់ និងរបួសជាង២០០នាក់

(តេហេរ៉ង់)៖ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ៥៦នាក់បានបាត់បង់ជីវិត ក្នុងករណីផ្អើលរត់ជាន់គ្នាមួយនៅឯទីក្រុងឃើម៉ាន់ (Kerman) កំឡុងពិធីបុណ្យសពមេទ័ពកំពូលអ៊ីរ៉ង់ ដែលត្រូវបានអាមេរិកសម្លាប់នៅលើទឹកដីអ៊ីរ៉ាក់។

ករណីរត់ជាន់គ្នាខាងលើបានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ កំឡុងពេលមនុស្សម្នាជាច្រើនកំពុងចូលរួមពិធីបុណ្យសពលោក កាស្សេម សូឡៃមេនី (Qassem Soleimani) យ៉ាងណែនណាន់តាន់តាប់។ យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៥៦នាក់ ខណៈជាង ២០០នាក់បានទទួលរងរបួស។

Image result for Stampede kills at least 56 at Soleimani funeral procession in Kerman

សាកសពមេទ័ពកំពូលអ៊ីរ៉ង់រូបនេះ ត្រូវបានដឹកមកដល់ក្រុង អាហ៍វ៉ាស (Ahvaz) ភាគនិរតីអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយពិធីដង្ហែរសពលោកត្រូវបានប្រារព្ធឡើង ជាបន្តបន្ទាប់តាំងពីទីនោះមក រហូតដល់ទីក្រុងមួយចំនួនទៀត រួមមានទីក្រុង ម៉ាសហាដ (Mashhad), រដ្ឋធានីតេហេរ៉ង់ និងទីក្រុងពិសិដ្ឋកូម (Qom) ដែលសុទ្ធតែប្រជាជនអ៊ីរ៉ង់ បាននិងកំពុងចូលរួមយ៉ាងច្រើនសម្បើម៕