ក្រុម​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​មាន​កាំភ្លើងខ្លី​ផ្ជ​ង់​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ​អស់​២​គ្រឿង​ពី​នារី​៣​នាក់​

​ភ្នំពេញ​៖​ក្រុម​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​មាន​កាំភ្លើងខ្លី​ផ្ជ​ង់​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ​អស់​២​គ្រឿង​ពី​នារី​៣​នាក់​បានសម្រេច​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ហាង​កែ​សម្ផស្ស យីហោ​កន្និកា ស្រី​តូច អ៊ុតសក់​ជាប់​ផ្លូវ លេខ​៥៩៨ កែង​ផ្លូវ​លេខ​៣១៧​ក្នុង​សង្កាត់​បឹងកក់​ទី​២ ក្នុង​ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ជាង​៩​យប់ ថ្ងៃទី​២៦ ខែកុម្ភ​: ឆ្នាំ​២០១៩​។​
​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ភ្ញៀវ​នារីៗ​បានមក​អ៊ុតសក់​ផាត់មុខ​ក្នុង​ហាង​របស់ខ្លួន​។​បន្ទាប់មក​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ប៊ុ​ច​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​ឌុប​គ្នា​មក​ធ្វើ​លេស​ទិញ​ទឹក​សុទ្ធ​។​
ដោយ​ម្នាក់​អង្គុយ​លើ​ម៉ូតូ​និង​ម្នាក់ទៀត​ដើរចូល​មកហើយ​បាន​ដក​កាំភ្លើងខ្លី​ផ្ជ​ង់​គំរាម​និង​ប្លន់​យក​ទូរ​ស័​ព្ធ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​២​គ្រឿង​និង​កាបូបស្ពាយ​១​ពី​ឈ្មោះ​ស្រី​ពៅ​និង​នារី​ម្នាក់​ឈ្មោះ​អ៊ីង​ច័ន្ទដារ៉ា​លីន​និង​នារី​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​បាន​លុយ​ជិត​៣០​ដុល្លារ​បន្ថែម​រួច​នាំគ្នា​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន​ដោយ​សុ​វត្តិភាព ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹម​ចុះមក​ពិនិត្យមើល​ហេតុការណ៍​ផ្ជ​ង់​ប្លន់​បានសម្រេច និង​នាំ​នារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹងកក់​ទី​២​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕S/​